2023-08-09 11:08
350


ភ្នំពេញ៖ ជនសង្ស័យជាអ្នកឧកញ៉ា ប្រធានក្រុមហ៊ុន «ពិភពដីមាស» និងបក្ខពួកត្រូវបានរងការចោទប្រកាន់ ចំនួន ០៣បទល្មើស រួមមានពីបទៈ អំពើឆបោកមានស្ថានទម្ងន់ទោស, បទៈ ញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ និងពីបទៈ សំអាតប្រាក់។ 
   ជនសង្ស័យជាអ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន «ពិភពដីមាស» អ៊ិនវេសមេន ឯ.ក និងបក្ខពួកត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលដ្ឋានរាជធានីភ្នំពេញ បានបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីធ្វើការសាកសសួរ និងចោទប្រកាន់តាមនិតិវិធីច្បាប់។ 
   ការចាប់ខ្លួនឧកញ៉ាប្រធានក្រុមហ៊ុន «ពិភពដីមាស» ធ្វើឡើងតាមអំណាចដីការបស់តុលាការរាជធានីភ្នំពេញ ដោយមានប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ១០០គ្រួសារ មកពីខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំ និងកំពង់ចាម បាននាំគ្នាមកដាក់ពាក្យបណ្តឹងប្តឹងប្រធានក្រុមហ៊ុន «ពិភពដីមាស» បន្ថែមទៀត ដោយការចាញ់បោកអស់ប្រាក់រាប់ម៉ឺនដុល្លារ បន្ទាប់ពីទិញដីឡូត៍ពីក្រុមហ៊ុន ពិភពដីមាស ជាថ្នូរទទួលបានភាគលាភប្រចាំខែពី ៤៥០ដុល្លារ ទៅ៧៥០ដុល្លារក្នុង ០១ខែៗ។ 
    លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថា កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បានចាប់ខ្លួនជនសង្ស័យឈ្មោះ ហ៊ី គឹមហុង ភេទប្រុស អាយុ ៤១ឆ្នាំ ប្រកបមុខរបប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ក្រុមហ៊ុន ពិភពដីមាស បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៥២D ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងបក្ខពួកសរុប ១៤នាក់ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមអនុវត្តតាមដីការបស់តុលាការរាជធានីភ្នំពេញ។ 
   លោកបានបន្តទៀតថា មានប្រជាពលរដ្ឋរងគ្រោះ ចំនួន ១៨គ្រួសារ បានដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្តឹងចោទប្រកាន់ប្រធានក្រុមហ៊ុនខាងលើ និងបក្ខពួកមួចំនួនទៀត ពីបទឆបោកមានស្ថានទម្ងន់ទោសលើទឹកប្រាក់ចំនួន ៣៨ម៉ឺន ៧ពាន់ ២០០ដុល្លារ។ 
   លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រាប់ឱ្យដឹងទៀតថាប្រាក់ខាងលើ គឺមានប្រជាពលរដ្ឋ ១៨គ្រួសារ បានទិញដីឡូត៍ក្នុងតំម្លៃ ០១ឡូត៍ ១៤ ០០០ដុល្លារទៅ ២០ ០០០ដុល្លារ ហើយតំណាងក្រុមហ៊ុនក៏បានជូនពួកគាត់ជាប្រជាពលរដ្ឋយកប្លង់ដីផ្ទះដែលកំពុងរស់នៅយកទៅដាក់បញ្ចាំនៅធនាគារ និងមីក្រូហិញ្ញវត្ថុ។ ក្រោយពីទទួលបានប្រាក់កំចីពីធនាគារនោះហើយតំណាងក្រុមហ៊ុនក៏នាំពួកគាត់យកប្រាក់ទាំងនោះយមកឱ្យក្រុមហ៊ុន ពិភពដីមាស បន្ទាប់មកតំណាងក្រុមហ៊ុនក៏យកតារាងបែងចែកភាគលាភ ៣ភាគរយប្រចាំខែចាប់ពី ៣០០ដុល្លារ រហូតដល់ ៩៦០ដុល្លារ ក្នុង០១ខែ ហើយមិនតែប៉ុណ្ណោះក្រុមហ៊ុនក៏បានសន្យាថា ក្រោយពីក្រុមហ៊ុនបង់ប្រាក់ភាគលាភបាន ចំនួន ២៤ខែ រួចហើយនឹងទទួលទិញដីឡូត៍នោះវិញក្នុងតម្លៃដដែល។ 
   ប្រភពបានបន្តទៀតថា បន្ទាប់មកមានប្រជាពលរដ្ឋខ្លះទទួលបានប្រាក់ប្រចាំខែមួយចំនួនទៅតាមកិច្ចសន្យាលុះដល់ខែមេសា ឆ្នាំ២០២៣ ខាងក្រុមហ៊ុន ពិភពដីមាស បានខកខានបង់ប្រាក់ឱ្យប្រជាពលរដ្ឋហើយយកលេសកុហកថា ថ្ងៃនេះ ថ្ងៃនោះ ទើបបង់ប្រាក់ជូន រហូតដល់សព្វថ្ងៃនេះ។ 
    ប្រជាពលរដ្ឋដែលរងគ្រោះដោយក្រុមហ៊ុន «ពិភពដីមាស» របស់អ្នកឧកញ៉ា ហ៊ី គឹមហុង ប្រាប់ឱ្យដឹងថា «ពួកគាត់ត្រូវបានមេខ្យល់នៅក្នុងភូមិអះអាងជាតំណាងក្រុមហ៊ុន ពិភពដីមាស បានអូសទាញឱ្យយកប្លង់ដីផ្ទះ ទៅបញ្ចាំធនាគារយកប្រាក់អ្នកខ្លះ ១៤ ០០ដុល្លារ ខ្លះទៀត២០ ០០០, ៣០ ០០០ដុល្លារ ដើម្បីទៅទិញដីឡូត៍ពីក្រុមហ៊ុន ពិភពដីមាស មានទីតាំងភូមិអណ្តូងច្រុះ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយតំណាងក្រុមហ៊ុនបានលួងលោមនិយាយថាបងប្អូនមិនបាច់រកស៊ីអីទៀតទេរងចាំបើកប្រាក់ប្រចាំខែពីក្រុមហ៊ុនក្នុងម្នាក់ៗទទួលបាន ០១ខែពី ៤៥០ដុល្លារឡើងហើយក្រុមហ៊ុននឹងទទួលទិញដីនេះវិញក្រោយក្រុមហ៊ុនបង់ប្រាក់ទៅប្រជាពលរដ្ឋរយៈពេល ២ឆ្នាំ។ 
   ជនសង្ស័យជាអ្នកឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមហ៊ុន «ពិភពដីមាស» បានប្រាប់ឱ្យដឹងថា កន្លងមកក្រុមហ៊ុនបានបង់ប្រាក់ឱ្យប្រជាពលរដ្ឋបានមួយចំនួន ប៉ុន្តែដោយបញ្ហាកត្តាសេដ្ឋកិច្ចធ្លាក់ចុះក្រុមហ៊ុនក៏បានខកខានមិនបានបង់ប្រាក់ជូនប្រជាពលរដ្ឋ ទៅតាមកិច្ចសន្យា ហើយលោកសន្យាថានឹងដោះស្រាយឱ្យរួចរាល់នៅអំឡុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងករណីដែលលោកមិនត្រូវបានជាប់ពន្ធនាគារ។ 
   សូមជម្រាបថា កម្លាំងនគរបាលរាជធានីភ្នំពេញ បានប្រតិបត្តិការចាប់ខ្លួនលោកឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមហ៊ុន ពិភពដីមាស និងបក្ខពួកធ្វើឡើង នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ អនុវត្តតាមដីការបស់តុលាការ នៅចំណុចភូមិត្រពាំងថ្លាន់ សង្កាត់ពង្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ស្រាប់តែអង្គរក្សរបស់លោកឧកញ៉ាប្រធានក្រុមហ៊ុន ពិភពដីមាស ចេញមករារាំងសមត្ថកិច្ចហើយបានតដៃជាមួយសមត្ថកិច្ចបង្កឱ្យសមត្ថកិច្ចមួយចំនួនរងរបួសផងដែរ។
   សូមបញ្ជាក់ថា មានប្រជាពលរដ្ឋេរាប់រយនាក់ដែលរងគ្រោះចាញ់បោកក្រុមហ៊ុន ពិភពដីមាស បានដាក់ពាក្យបណ្តឹងប្តឹងអ្នកឧកញ៉ា ហ៊ី គឹមហុង ជាអគ្គនាយក ទៅសមត្ថកិច្ចជួយស្វែងរកយុត្តិធម៌តែម្តង៕