2024-01-30 04:01
58

ក្រុមកីឡាករជើងខ្លាំងរបស់មហាគ្រួសាររថយន្ត អូហ្វ រ៉ូដ (Off Road )កម្ពុជានឹងទៅចូលរួមប្រកួតកីឡាប្រណាំងរថយន្ត Off Road ជាមួយក្រុមកីឡាករជើងខ្លាំងរបស់ថៃ និងក្រុមកីឡាករមកពីប្រទេសផ្សេងទៀត ក្នុងព្រឹត្តិការណ៍ប្រណាំង រថយន្តឆ្លងកាត់ឧបសគ្គ ខាវ ណយ ឆ្នាំ២០២៤ (Kaonoy Off Road 2024) នាខេត្តរ៉ាក់យ៉ង (Rayong) ប្រទេសថៃ។

សូមជម្រាបថា ព្រឹត្តិការណ៍ខាវ ណយ អូហ្វ រ៉ូដ (Kaonoy Off Road 2024) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានការចូលរួមពីក្រុមកីឡាករជាច្រើនប្រទេស ដូចជា ថៃ កម្ពុជា ឡាវ ម៉ាឡេស៊ី វៀតណាមជាដើម។ ព្រឹត្តិការណ៍នេះជាការប្រកួតដ៏ល្បីល្បាញក្នុងប្រទេសថៃ និងក្នុងតំបន់អាស៊ាន។

លោក ទៀ ស្យាម ប្រធានមហាគ្រួសារ Off Road កម្ពុជា បានឱ្យដឹងថា មហាគ្រួសាររថយន្ត Off Road កម្ពុជាបានត្រៀមបញ្ជូនរថយន្ត Off Road ចំនួន៤គ្រឿង និងរថយន្តសេវាកម្មជួសជុល៦គ្រឿង សរុប១០គ្រឿង រួមជាមួយកីឡាករនិងក្រុមការងារ១៨នាក់ ហើយនឹងចេញដំណើរនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង ឆ្លងទៅខេត្តត្រាត និងខេត្តរ៉ាក់យ៉ងតែម្ដង។

លោកប្រធានបានបញ្ជាក់ថា ការចូលរួមប្រកួតជាលក្ខណអន្តរជាតិនេះនឹងជួយបង្កើនការលើកស្ទួយវិស័យរថយន្តឆ្លងកាត់ឧបសគ្គ (Off Road) នៅប្រទេសកម្ពុជា ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងភាគីកម្ពុជា និងភាគីថៃក្នុងក្របខណ្ឌវិស័យរថយន្តឆ្លងកាត់ឧបសគ្គ៕