2024-02-17 03:02
91

(សៀមរាប)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចុះសិក្សាស្វែងយល់ពីសក្តានុពល ទេសចរណ៍ធម្មជាតិ និងវប្បធ៌ម ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»។

ពិធីនេះមានការចូលរួមពីលោក លោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្តីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី បានចុះពិនិត្យលើគោលដៅសំខាន់ចំនួនរួមមាន៖ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ពើងថ្មជ្រួញ ទីតាំងបោះតង់អូរតាចក់ ពិនិត្យទីតាំងវត្តចាស់ ជាទីដែលមានភាពទាក់ទាញនៃធម្មជាតិ ទឹកជ្រោះ ល្អាងថ្ម និងពើងធម្មជាតិបង្កប់នូវរូបចម្លាក់បុរាណ ជាពិសេសចម្លាក់បាតស្ទឹងជាស្នាដៃសល្បៈដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរបានបង្កប់នូវអត្ថន័យសំខាន់ៗ ខាងជំនឿសាសនា ធ្វើឱ្យមានការចាប់អារម្មណ៍ទាំងមជ្ឈដ្ឋានជាតិ និងអន្តជាតិ។
នៅក្នុងវេទិកាលើកទី១៩ នៃរាជរដ្ឋាភិបាល និងវិស័យឯកជន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកំណត់យកឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ជាគោលដៅទេសចរណ៍ធម្មជាតិ។ និងអនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋានគ្រឹះនៃ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្រសួងបរិស្ថានបានរៀបចំកម្មវិធីចុះសិក្សាស្វែងយល់ព័ត៌មានជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវៈចម្រុះ និងវប្បធម៌ប្រពៃណី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់។

ក្រោមការគាំទ្ររបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បាននឹងកំពុងជួយលើការរៀបចំផែនការ និងគ្រប់គ្រងតំបន់ការពារធម្មជាតិ (ពង្រឹងការអនុវត្តច្បាប់ សាងសង់ស្នាក់ការ) សាងសងហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ រួមមាន៖ សាងសង់ផ្លូវកៅស៊ូប្រវែង ១៤គីឡូម៉ែត្រ អគារពហុបំណង (អាហារដ្ឋាននិងសាលប្រជុំ) ទីលានបោះជំរុំ ការរៀបចំប្រព័ន្ធផ្លូវទស្សនាចរណ៍ ក្លោងទ្វា ចំណតយានយន្ត កញ្ចុះលំហែកាយ តូបលក់អាហារ ។ល។) និងជួយរួមទាំងជួយ ពង្រឹងខ្សែច្រវ៉ាក់តម្លៃជ្រូកគូលែន នៅសហគមន៍តំបន់ការពារធម្មជាតិចំនួន៥ (សហគមន៍ព្រៃធំអន្លង់ធំ ព្រៃភ្នំម្នាស់ ជប់តាសុខ ព្រៃភ្នំក្តួច ព្រៃធំពពេល) និងទឹកស្អាត និងអនាម័យនៅសហគមន៍ព្រៃធំអន្លង់ធំ។

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ជាតំបន់ប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់ ដែលបានរក្សាទុកនូវសំណង់ប្រវត្តិសាស្រ្តជាច្រើនកន្លែងមានដូចជា ប្រាសាទបុរាណ ស្ថានីយ៍បុរាណ ធនធានធម្មជាតិ និងប្រព័ន្ធជីវៈចម្រុះដ៏សំបូរបែប ជាពិសេសជាតំបន់ដែលបង្កប់ទៅដោយជំនឿ ប្រពៃណីរបស់ជនជាតិខ្មែរតាំងពីបុរាណកាលមក៕