2023-06-26 06:06
482

កំពត៖ ការដោះស្រាយគ្នារវាងតំណាងក្រុមហ៊ុន ពិភពដីមាស ពាក់ព័ន្ធករណីបណ្តឹងប្រជាពលរដ្ឋរងគ្រោះជិត ៥០០គ្រួសារ នៅខេត្តកំពត មិនទាន់មានការឯកភាពគ្នានៅឡើយទេ ខណៈពលរដ្ឋរងគ្រោះចង់ជួបផ្ទាល់ជាមួយអ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនមូយនេះ ដើម្បីតទល់គ្នា។ 

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃកំណត់នៃការកោះអញ្ជើញអ្នកឧកញ៉ា ហ៊ី គឹមហុង អគ្កនាយកក្រុមហ៊ុន ពិភពដីមាស និងអគ្កនាយករង ដើម្បីឲ្យចូលខ្លួនបំភ្លឺ និងស្វែងរកដំដោះស្រាយជាមួយប្រជាពលរដ្ឋ រងគ្រោះ ចំនួន ៤៨៤ គ្រួសារ ដែលបានទិញដីឡូត៍ក្នុងគម្រោងវិនិយោគ ដើម្បីទទួលបានផលចំណេញ សម្រាប់ថ្ងៃទី១ គ្មានការឯកភាពឡើយ ដោយភាគីក្រុមហ៊ុនចាត់តំណាងមកចូលរួម ខណៈពលរដ្ឋរងគ្រោះចង់ជួបផ្ទាល់ជាមួយអ្នកឧកញ៉ា ដើម្បីជជែកតទល់មុខគ្នារកដំណោះស្រាយសមស្របដែលអាចទទួលយកបានទាំងសងខាង។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានសរសេរុងដូច្នេះថា «ដំណោះស្រាយនៅថ្ងៃទីមួយនេះ រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ពិភពដីមាស មិនទាន់មានការឯកភាពពីប្រជាពលរដ្ឋនោះទេ»។ 

ស្នងការនគរបាលកំពុងមានប្រជាបិយ៍រូបនេះ បានសរសេរទៀតថា «ប្រជាពលរដ្ឋចង់ជួបជាមួយលោកឧកញ្ញ៉ាប្រធានក្រុមហ៊ុន ពិភពដីមាសផ្ទាល់ សង្ឃឹមថា លោកឧកញ្ញ៉ា និងមកជួបប្រជាពលរដ្ឋដោយមិនចាំបាច់មានលិខិតកោះហៅជាលើកទី២ ពីមន្ត្រីនគរបាលយុត្តិធម៏ ដើម្បីបញ្ជាក់អំពីទំនួលខុសត្រូវច្បាស់លាស់របស់ក្រុមហ៊ុនជាមួយប្រជាពលរដ្ឋ ៤៨៤ គ្រួសារ»។ 

យោងតាមលិខិតកោះហៅរបស់ស្នងការនគរបាលខេត្តកំពត លេខ២០៤ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានធ្វើការកោះអញ្ជើញអ្នកឧកញ៉ា ហ៊ី គឹមហុង និងលោកឧកញ៉ា ចេង សង្ហាក់ ឲ្យចូលខ្លួនមកឆ្លើយបំភ្លឺ និងដោះស្រាយ ជាមួយប្រជាពលរដ្ឋ ក្នុងស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី២៦ ខែមិថុនានេះ ប៉ុន្តែអ្នកឧកញ៉ា និងឧកញ៉ាទាំងរូបមិនហ៊ានចូលខ្លួនមកជួបជាមួយពលរដ្ឋ ដែលរងគ្រោះឡើយ បែរជាចេញលោក ប្រាក់ ពិន អះអាងថា ជាអគ្គនាយកក្រុមហ៊ុនពិភពដីមាស មកធ្វើការដោះស្រាយទៅវិញ។ 

ប្រជាពលរដ្ឋ ដែលអះអាងថា ចាញ់បោកក្រុមហ៊ុន ពិភពដីមាស ក្នុងម្នាក់ៗអស់រាប់ម៉ឺនដុល្លារ ប្រាប់ថា «ពួកខ្លួនមិនទទួលបានប្រាក់ការពីក្រុមហ៊ុនជាច្រើនខែមនិងសុំក្រុមហ៊ុន ពិភពដីមាស សងប្រាក់ដើមឱ្យគ្រប់ចំនួនដែលខ្លួនបានដាក់អោយក្រុមហ៊ុនវិញ»។ លោក ប្រាក់ ពិន តំណាងក្រុមហ៊ុន ពិភពដីមាស បានលើកឡើងថា «ក្រុមហ៊ុននឹងទទួលខុសត្រូវដោយចាប់ដំណើរការសង់ប្រាក់ដើមទៅឲ្យប្រជាពលរដ្ឋវិញ» ប៉ុន្តែពលរដ្ឋរងគ្រោះឆ្លើយតបវិញភ្លាមៗថា «បើដឹងមុនថាលោក ប្រាក់ ពិន តំណាងឱ្យក្រុមហ៊ុន ពិភពដីមាស មកដោះស្រាយពួកគាត់មិនបាច់មកទេ ព្រោះបុគ្គលរូបនេះនិយាយគ្មានការពិតទេភូតកុហក និងសន្យាខ្យល់ចោលរហូត»។

ទោះជាយ៉ាងណាលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្តកំពត សន្យាជាមួយប្រជាពលរងគ្រោះនឹងខិតខំស្វែងដោះស្រាយឲ្យអស់លទ្ធភាពជួនបងប្អូន ដោយប្រកាន់គោលជំហារអព្យាក្រឹត្យមិនលំហៀង និងឈរលើគោលការច្បាប់ជាធំ។ 

សូមជម្រាបថា ក្រោយពីការលិខិតកោះហៅអ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស និងលោកឧកញ៉ា ចេង សង្ហាក់ បង្ហោះលើផេកផ្លូវការស្នងការនគរបាលខេត្តកំពត ក្រុមហ៊ុន ពិភពដីមាស ប្រកាសប្តឹង ស្នងការនគរបាលខេត្តកំពត ខណៈមានលិខិតកោះហៅឲ្យខ្លួនបំភ្លឺ តាមបណ្តឹងប្រជាពលរដ្ឋរងគ្រោះរាប់រយគ្រួសារ សរុបទឹកប្រាក់រាប់លានដុល្លារ។ 

ក្រុមហ៊ុន ពិភពដីមាស បានរកស៊ីវិនិយោគលើគម្រោងទិញ លក់ឡូត៍ទទួលបានប្រាក់ចំណេញខ្ពស់ ឬហៅតាមមួយបែបទៀតថា «ធ្វើនំអត់ម្សៅ» នោះបានប្រកាសប្តឹងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ខណៈអគ្គនាយក និងអគ្គនាយក រងបណ្តឹងជាច្រើនពីប្រជាពលរដ្ឋរងគ្រោះដោយក្រុមហ៊ុន ពិភពដីមាស បានទទួលស្គាល់ថា សេវាកម្មរបស់ក្រុមហ៊ុនពិតជាមានសភាពយឺតយ៉ាវបន្តិចមែន តែមិនមែនមានន័យថា ក្រុមហ៊ុនបោះបង់ការទទួលខុសត្រូវនោះឡើយ។

ហេតុនេះបានជាកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុនបានធ្វើសេចក្តីជូនដំណឹងស្តីពី ការរៀបចំធ្វើបច្ចុប្បន្នភាព និងសម្របសម្រួលការបម្រើសេវាកម្មជូនអតិថិជន ហើយក៏បានឯកភាពថា យ៉ាងយូរត្រឹមចុងខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុននឹងរៀបចំឲ្យស្ថានភាពរលូនឡើងវិញ៕