2024-03-04 11:03
54

ភ្នំពេញ៖ ស្ត្រីជនសង្ស័យម្នាក់ ដែលមានអង្គការចាត់តាំងដើម្បីធ្វើការឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាពីជនរងគ្រោះម្នាក់ អស់ចំនួន ៤ ០០០ដុល្លរ ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការបគរបាលជាតិ ស្រាវជ្រាវបង្ក្រាបដោយឃាត់ខ្លួនកសាងសំណុំរឿងតាមនិតិវិធីច្បាប់។ 

នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាប សាវី ហៅបុក ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចាប់ខ្លួននៅចំណុច ភូមិព្រៃព្រីង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤នេះ។ 

នាយកដ្ឋានគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២និង៣៦នាទី នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត មានករណី ឆបោកមានស្ថានទម្ងន់ទោស (ក្រុមមានការចាត់តាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) បណ្ដាលឲ្យជនរងគ្រោះឈ្មោះ ថុន សុនៀវ ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ខាតបង់ប្រាក់ចំនួន៤,០០០ដុល្លារ។ 

នគរបាលបានឲ្យដឹងថា ក្រុមឆបោកជាប្រព័ន្ធនេះ ពួកគេជាក្រុមមានការចាត់តាំងមានគូកនច្រេីននាក់ បែងចែកភារកិច្ចរៀងៗខ្លួន ធ្វេីសកម្មភាពហែកគណនីធនាគារយកទៅប្រេីប្រាស់ និងទិញគណនីធនាគារ ដេីម្បីផ្ទេរប្រាក់បន្ដ។ ក្រុមនេះបានធ្វេីសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះឲ្យផ្ទេរចូលទៅក្នុងគណនីធនាគារដែលហែកបាន រួចផ្ទេរប្រាក់បន្ដទៅគណនីដែលបានទិញជាបន្ដបន្ទាប់ទៀត ដែលមានឈ្មោះ ចាប សាវី ហៅបុក ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិពោធិ ឃុំសំពងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ជាអ្នកប្រមូលទិញគណនីធនាគារ។

ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានស្នើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសុំធ្វើការសហការការស្រាវជ្រាវ ដោយតាមនីតិវិធី និងជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើតែម្តង។

ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទី  កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពតចុះឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ។ 

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដែលជាម្ចាស់ករណី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕