2024-04-04 01:04
43

កំពង់ឆ្នាំង៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចឃុំខ្លួនជាបណ្តោះអាសន្នអភិបាលស្រុករងកំពង់លែង និងបក្ខពួក ០២នាក់ទៀត ក្នុងពន្ធនាគារខេត្តក្រោមបទល្មើស «បំផ្លាញ និងគៃបំបាត់ និង កាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក»។ 

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ករណីសំណុំរឿងព្រហ្មទណ្ឌលេខ ៣០៩ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ មានជនត្រូវចោទឈ្មោះ លឹម ដានីន ភេទប្រុស, ឈ្មោះ ជួន តុំ ភេទប្រុស , ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើស «បំផ្លាញ និងគៃបំបាត់ និង កាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក» និង ឈ្មោះ ពុំ សុផល ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទល្មើស «សមគំនិត» តាមមាត្រា ២៩ មាត្រា ៦០៨ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣២ នៃច្បាប់ ស្តីពី ការប្រឆាំងអំពើពុករលួយ និងមាត្រា ៩៨ នៃច្បាប់ ស្តីពី ជលផល ប្រព្រឹត្តនៅចំណុច តាទុំ ស្ថិតនៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុង ខែមីនា ឆ្នាំ២០២៤។

សូមរំឭកថា កាលពីថ្ងៃទី០២ ខែមេសា កន្លងទៅ ជនត្រូវចោទចំនួន ០៣នាក់ ក្នុងនោះមន្ត្រីម្នាក់ ជាអភិបាលរងស្រុក, ប្រធានការិយាល័យប្រពលរដ្ឋ និងម្នាក់ទៀតជាចៅកែតោងចក្រលផិតទឹកក ត្រូវបានកម្លាំងសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន ពាក់ព័ន្ធករណីឃុបឃិតគ្នារំលោភយកព្រៃលិចទឹក ទំហំ ៩ហិចតា ជាជម្រកត្រីពង ស្ថិតក្នុងដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ដែលត្រូវការពារដោយច្បាប់ ដើម្បីឈួសឆាយមកធ្វើជាកម្មសិទ្ធិឲ្យទាន់ពេល ដែលរាជរដ្ឋាភិបាលនឹងធ្វើការវាស់វែងកាត់ឆ្វៀល សម្រាប់ប្រជាពលរដ្ឋដែលបានអាស្រ័យផលពិតប្រាកដ។ 
ជនត្រូវចោទរួមមាន៖ ទី១- ឈ្មោះ ពុំ សុផល ភេទប្រុស អាយុ ៥៩ឆ្នាំ ជាអភិបាលរង ស្រុកកំពង់លែង, ទី២- ឈ្មោះ លឹម ដានីន ភេទប្រុស អាយុ ៥៣ឆ្នាំ ជាប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង និងទី៣- ឈ្មោះ ជួន តុំ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ម្ចាស់សិប្បកម្មផលិតទឹកកក ត្រពាំងពេជ្រ
បច្ចុប្បន្នចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំង០៣នាក់ក្នុងពន្ធនាគាររងចាំចំណាក់ការតាមនិតិវិធ៕