2024-02-29 07:02
88

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង កាលពីម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៤នៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
   មនុស្សប្រុសស្រីចំនួន៥នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូឡំប្រឺតាបុកម៉ូតូ ហើយរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យឡំប្រឺតាក្រឡាប់ផ្ងារជើង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-5072 បើកដោយបុរសម្នាក់បានឌុបគ្នា២នាក់ទៀតពីក្រោយ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៣ ក្នុងទិសដៅពីជើងមកត្បូងក្នុងខណៈបើកមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញមានម៉ូតូឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HG-0254 បើកបរដោយបុរសម្នាក់បានឌុបភ្ញៀវម្នាក់ទៀតពីក្រោយ ធ្វើដំណើរស្របទិសគ្នាពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូឌ្រីមសង់ពីក្រោយពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ ហើយឡំប្រឺតា នៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកចូលរបងផ្ទះប្រជាពលរដ្ឋក្រឡាប់ផ្ងារជើងទៅមុខលែងរួច បណ្តាលឲ្យមនុស្សប្រុសស្រី៥នាក់របួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះភ្លាមៗផងដែរ។
   បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់រួចវាស់វែងនិងធ្វើកំណត់ហេតុយកឡំប្រឺតា និងម៉ូតូ ទៅរក្សាទុករង់ចាំឲ្យដោះស្រាយនៅពេលក្រោយ៕