2023-06-25 03:06
629

តាកែវ៖ ក្រុមមន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងក្លែងបន្លំ (ក.ប.ប) សាខាខេត្តតាកែវ អះអាងថា បានរកឃើញថា ម្ចាស់ទីតាំងស្ថានីយ៍ប្រេងឥន្ធនៈ សូគីមិច ផ្សារដើមទម្ពរ លក់សាំងមិនគ្រប់លីត្រ និងក្លែងបន្លំប្រេងសាំងលក់ជូនអតិថិជន។ 

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ថានីយ៍ប្រេងឥន្ធនៈ សូគីម៉ិច ផ្សារដើមទម្ពរ ដែលមានម្ចាស់ឈ្មោះ ឡឹក ច័ន្ទរស្មី ស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ត្រូវបានមន្រ្តីជំនាញ ក.ប.ប សាខាខេត្តតាកែវ រកឃើញលក់ប្រេងសាំងមិនគ្រប់លីត្រ និងក្លែងបន្លំប្រេងសាំងលក់ជូនអតិថិជន ប៉ុន្តែម្ចាស់ស្ថានីយ៍ថា “មន្ត្រីខ្វះវិជ្ជាជីវៈមួយក្រុម ប្រើឯកសណ្ឋានបន្លំចុះអនុវត្ត ភារកិច្ច ដោយគ្មានលិខិតបញ្ជាបេសកម្ម ថែមទាំងមិនបានជំរាបជូនអាជ្ញាធរមូលដ្ឋានដើម្បីសុំការសហការផងនោះ”។ 

ពាក់ព័ន្ធករណីមន្ត្រី ក.ប.ប សាខាខេត្តតាកែវ ចុះបង្ក្រាបស្ថានីយ៍ប្រេងឥន្ធនៈ សូគីមិន របស់ឈ្មោះ ឡឹក ច័ន្ទរស្មី មានគណនីហ្វេសប៊ុកឈ្មោះ Reaksmey Long បានសរសេររៀបរាប់ថា “ភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីខ្វះវិជ្ជាជីវៈមួយក្រុម ប្រើឯកសណ្ឋានបន្លំចុះអនុវត្តភារកិច្ច ដោយគ្មានលិខិតបញ្ជាបេសកម្ម ថែមទាំងមិនបានជំរាបជូនអាជ្ញាធរមូលដ្ឋាន ដើម្បីសុំការសហការផងនោះ”។ 

គណនីខាងលើបានសរសេរទៀតថា ក្រុមមន្ត្រីទាំងនោះ បានមកធ្វើសកម្មភាពបិតសៀល (ស្កត់ផ្លាសស្ទិច) យ៉ាងគឃ្លើន គ្មានការសួរនាំជាមួយម្ចាស់សហគ្រាសឡើយ យកឈ្មោះអភិបាលខេត្ត និងព្រះរាជអាជ្ញា មកគំរាមយកប្រាក់ ដោយប្រើពាក្យអសុរសបិទសិទ្ធមិនអោយម្ចាស់សហគ្រាសសួររកហេតុផល។ 

ហ្វេសប៊ុក Reaksmey Long បានសរសេរទៀតថា “ដោយឃើញសកម្មភាព អយុត្តិធម៌ពេក ក្នុងនាមប្រជាពលរដ្ឋ បានខលឆ្លងយោបលលោកអភិបាលស្រុក គ្រាន់តែឃើញខ្ញុំខលជួបអភិបាល ស្រាប់តែរុះរើដកសៀលនាំគ្នារត់ឡើងឡានទៅវិញអស់តែម្តង។ (បញ្ចាក់សុំជួយអានលិខិតបេសកម្មរបស់មន្ត្រីទាំងនេះផង) ជាលើកទីប្រាំហើយ*ជាចុងក្រោយសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយត្ន័ជាមួយមន្ត្រីខិលខូចទាំងនេះ សូមអរគុណ”។ 

លោក លៀង សុខភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តតាកែវ  (ក.ប.ប) ប្រាប់កាសែតថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ កន្លងមក លោកបានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្តតាកែវ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ស្ថានីយ៍ប្រេងឥន្ធនៈ ផ្សារដើមទម្ពរ មានម្ចាស់ឈ្មោះ ឡឹក ច័ន្ទរស្មី ស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ បានដំណើរការអាជីវកម្ម លក់ប្រេងសាំងធម្មតា ប្រេងសាំងស៊ូពែរ និងម៉ាសូត។ 

លោកបន្តទៀតថា ខាងមន្រ្តីជំនាញ ក.ប.ប បានចុះត្រួតពិនិត្យរកឃើញថា “បានដាក់លក់ប្រេងសាំង ជូនអតិថិជនមិនគ្រប់លីត្រ គឺ ១០០លីត្រ បាត់អស់ ៦.៥៥លីត្រ និងប្រេងម៉ាស៊ូត ១០០លីត្រ បាត់អស់ ៧.៤៥លីត្រ និងគ្មានលក់ប្រេងសាំងស៊ូពែរ ជូនអតិថិជននោះទេ”។ 

ក្រោយពិនិត្យរកឃើញការដាក់លក់របស់ស្ថានីយ៍ប្រេងសាំងរបស់ស្ថានីយ៍ ខាងលើនេះ មិនប្រក្រតីខាងមន្រ្តីជំនាញ ក៏បានធ្វើការបិទសៀលលើដៃបាញ់ប្រេង ផ្អាកការលក់ជាប៉ុណ្ដោះអាសន្ន និងធ្វើរបាយការណ៍ ផាកពិន័យតាមនីតិវិធី ប៉ុន្តែសុំការសហការជាមួយម្ចាស់ស្ថានីយ៍ តែគាត់មិនសហការ ខាងមន្ត្រីជំនាញ ក៏ទុករយះពេល ០៣ថ្ងៃ ដើម្បីធ្វើការផាកពិន័យ។ 

លុះដល់នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ មន្រ្តីជំនាញ បានចុះដល់ទីតាំងស្ថានីយ៍ ស្រាប់តែខាងម្ចាស់ស្ថានីយ៍ បានកាត់សៀលដែលមន្រ្តីជំនាញ ក.ប.ប ចោលដោយគ្មានការអនុញ្ញាតអ្វីសោះឡើយ។ 

អភិបាលស្រុកគិរីវង់ លោក ងួន ឌីណា បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែមិថុនា នេះថា លោកបានដឹងរឿងដែរ តែជាសមត្ថកិច្ច ប៉ុន្តែសុំអោយមើលលិខិតបញ្ជាបេសកម្មរបស់គាត់មើល ជាធម្មតាចុះមកអនុវត្តតួរនាទីភារកិច្ចគេមិនមកសំឡុត ឬចុះមកភ្លាម ចាត់វិធានការបិទភ្លាមៗនោះដែរ ទាល់តែសួរនាំអោយបានត្រឹមត្រូវតាមលក្ខបច្ចេកទេស។ 

បើយោងតាមច្បាប់ ច្បាប់កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅមាត្រា ៤១ អនុក្រឹត្យ ប្រកាស លេខ ៣៣៨ ត្រូវធ្វើការផាកពិន័យដោយ មិនអនុលោមផ្នែកបរិមាណ ចាប់ពី ៤លានរៀល ទៅ ១០លានរៀល ។ 

បច្ចុប្បន្នករណីចោទប្រកាន់គ្នាទៅមករវាងម្ចាស់ស្ថានីយ៍ និងមន្ត្រីសាខា ក.ប.ប ខេត្តតាកែវ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់៕