2024-01-03 10:01
82

ភ្នំពេញ៖ យុវជនម្នាក់បានទាស់ទែងគ្នាជាមួយគូដណ្តឹងរឿងប្រចណ្ឌ ហើយបាន ដើរប្រាប់ក្រុមគ្រួសារ មិត្តភក្កិថាមិនបាច់តាមរកគាត់ទេ ទោះរកគាត់ក៏មិនឃើញដែរ រួចក៏បានធ្វើដំណើរតាមរយៈឡំប្រឺតាមកលើស្ពានជ្រោយចង្វា ហើយក៏លោតទៅក្រោមលិចក្នុងទឹកបាត់តែម្តង។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពបានបញ្ជាក់ថា យុវជនខាងលើមានឈ្មោះ រ៉ា អាយុ១៩ឆ្នាំ មិនបញ្ជាក់ទីលំនៅ។
   តាមការបញ្ជាក់ព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា យុវជនរងគ្រោះបានឈ្លោះទាស់ទែងពីរឿងប្រចណ្ឌជាមួយគូដណ្ដឹង រួចហើយបានខលប្រាប់មិត្តភក្កិថា មិនបាច់តាមរកគាត់ទេ បើរកគាត់ក៏រកមិនឃើញដែរ។ ខលប្រាប់មិត្តភក្តិរួចហើយ ជនរងគ្រោះដែលជាយុវជននោះបានជិះឡំប្រឺតាមកលើស្ពានជ្រោយចង្វា ពេលកំពុងធ្វើដំណើរមកលើស្ពាន មិត្តភក្កិរបស់គាត់ម្នាក់ក៏បានជិះម៉ូតូតាមពីក្រោយ ព្រោះដឹងថាជនរងគ្រោះមកស្ពានជ្រោយចង្វាដើម្បីសម្លាប់ខ្លួន ខណៈមកដល់ចំណុចកណ្តាលស្ពាន ជនរងគ្រោះក៏បានចុះពីលើឡំប្រឺតា ហើយលោតទៅក្នុងទឹកភ្លាមៗតែម្តង មិត្តភកិ្កឃើញហើយតាមមកឃាត់ហើយតែឃាត់មិនទាន់។

  ក្រោយពេលកើតហេតុក្រុមគ្រួសារមិត្តភក្កិបានត្រឹមតែស្រែកទ្រហោយំនៅទីតាំងកើតហេតុតែប៉ុណ្ណោះ ចំណែករាងកាយរបស់ជនរងគ្រោះមិនដឹងរសាត់ក្នុងទឹកទៅដល់ទីណាឡើយ៕