2023-04-22 11:04
639

ព្រះសីហនុ៖ ក្រុមឧក្រិដ្ឋជន ចំនួន០៥នាក់ បានធ្វើសកម្មភាព បង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទាប្រាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ដឹកនាំដិយលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាល និងមានការសម្របសម្រួលនិតិវិធីពីដំណាងអយ្យការ ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ និងរំដោះជនរងគ្រោះបានដោយសុវត្ថិភាព។

មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះថា ជនសង្ស័យជាជនជាតិចិន ចំនួន០៥នាក់ បានចាប់ជនជាតិចិនដូចគ្នា បង្ខាំងជនរងគ្រោះដាក់ខ្នោះរួចជំរិតទារប្រាក់ និងកំហែងយកត្រូវបានបំបែក និងចាប់ខ្លួនអនុវត្តន៍តាមច្បាប់។

កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ កម្លាំងសមត្ថកិច្ចទទួលបានព័ត៌មាន ស្តីពីករណីចាប់ជំរិតនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលសង្កាត់លេខ១ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានទីតាំងរបស់ក្រុមជនសង្ស័យចាប់បង្ខាំងជនរងគ្រោះ ត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅផ្លូវបេតុងក្រោយក្រុមហ៊ុនផ្ញើរឥវ៉ាន់ ជេ.អេន.ធី អ៊ិចប្រេស ឃ្លាំងលើក្រុមទី៨ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

ប្រភពបន្តទៀតថា ក្រោយពីកំណត់បានទីតាំងច្បាស់លាស់ កម្លាំងសមត្ថកិច្ចស្រាវជ្រាវរកឃើញជនរងគ្រោះជាជនជាតិចិនម្នាក់ ដៃជាប់ខ្នោះជាមួយបង្កាន់ដៃជណ្តើរផ្ទះ និងបានចាប់ខ្លួនបានជនសង្ស័យជនជាតិចិន ចំនួន០២នាក់ ដែលព្យាយាមរត់គេចខ្លួនពីកន្លែងកើតហេតុ។ នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ GUO FENG CHUN ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍។  រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០១និង ០០នាទី រំលងអធ្រាត្រឈានដល់ការចាប់ឃាត់ខ្លួនបានបក្ខពួកក្រុមឧក្រិដ្ឋជនចាប់ជំរិត ចំនួន០៣នាក់ទៀត នៅចំណុចខុនដូរមួយកន្លែង ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចយើងធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យសរុប ចំនួន០៥នាក់ ជនជាតិចិន និងវត្ថុតាងចាប់យកបានរួមមាន៖ អាវុធខ្លីចំនួន ០២ដើម ម៉ាក ZORAKI M906-TD ១ដើម មានលេខសម្គាល់ A3IZR2EYS01-2101440 និងម៉ាក SUR-2004 ១ដើម មានលេខសម្គាល់ A2YSRA6YS01-2102888 ,បង់កាំភ្លើង ចំនួន០២ ,គ្រាប់ចំនួន ២៦គ្រាប់ ប្រភេទ 9mm ចំនួន២១គ្រាប់ ,ប្រភេទ 32mm ចំនួន ០៤គ្រាប់ និងគ្រាប់ប្រភេទ ៣៨០mm ចំនួន ០១គ្រាប់ ,លិខិតឆ្លងដែនចំនួន ០៣ក្បាល ,ទូរស័ព្ទដៃ ចំនួន ០៧គ្រឿង ,ខ្នោះដៃ ចំនួន០២គូ ,ដំបងដែកមូលភ្ជាប់កូនកាំបិត ០១ដើម  ,ស្កុតសម្រាប់រុំ ០១ដុំ ,ស្ព្រាយបាញ់ភ្នែក ១កំប៉ុង ,កូនកាំបិតចុងស្រួច ០១ដើម ,ថ្នាំគ្រាប់ និងម្សៅក្រាមសថ្លា (សង្ស័យជាសារធាតុញៀន) មួយចំនួន ,សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ,រថយន្ត ០១គ្រឿង ម៉ាក MERCEDES C300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BU.9876 មធ្យោបាយជិះធ្វើសកម្មភាព។

បច្ចុប្បន្ន ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចាត់ចែងបន្តនីតិវិធីតាមផ្លូវច្បាប់៕