2023-06-23 04:06
142

 

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ១១យប់ថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។


រថយន្តម៉ាកHyundaiមួយគ្រឿង បើកបរដោយបុរសជនបរទេសម្នាក់ បើកយ៉ាងលឿនបានជ្រុលទៅបុករថយន្តម៉ាកSsangyong បើកដោយនារីជនបរទេស ចំពីក្រោយពេញទំហឹង បណ្តាលឲ្យខូចខាត សំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកHyundai ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AF-7475 បើកបរដោយបុរសជនបរទេសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុទល់មុខការ៉ាស់សាំងPTT ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកSsangyong ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BN-0406 បើកដោយនារីជនបរទេសម្នាក់ ធ្វើដំណើរនៅពីមុខ ស្របទិសគ្នាពីត្បូងទៅជើង ចំពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្ត រងគ្រោះម៉ាកSsangyong រងការខូចខាតផ្នែកខាងក្រោយ ចំណែករថយន្តបង្កវិញ ខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អមិនបណ្តាលឲ្យគ្រោះថ្នាក់ទៅលើអ្នកដ៏ទៃ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខ ចុះមកដល់រួចឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្កម៉ាកHyundai ចេញសំណង ក្នុងការជួសជុលរថយន្តដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕