2023-07-11 07:07
239


ភ្នំពេញ៖     រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃចន្ទទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ សម្រាប់១១សង្កាត់ របស់ខណ្ឌដូនពេញ មានចំនួន១៥គម្រោង មានតម្លៃប៉ាន់ស្មានប្រមាណជាង១.៦៤៩លានរៀល ដែលគម្រោងទាំងនេះ មានទាំងការ ,ការស្តារប្រព័ន្ធលូចាស់ ,ការជួសជុលផ្លូវបេតុងគ្មានសសៃដែក ដាក់បង្គោលភ្លើងសូឡា បំភ្លឺផ្លូវ ជួសជុលទ្វារដែកសុវត្ថិភាព និងជួសជុលការ៉ូឡាចិញ្ជើមផ្លូវ។


   ក្នុងគម្រាងដេញថ្លៃមូលនិធិអភិវឌ្ឍន៍សង្កាត់ ក្នុងឆ្នាំ២០២៣នេះ បានធ្វើឡើងក្រោមវត្ដមានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក គឹម ច័ន្ទឌីណា ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដែលធ្វើនៅសាលាដូនពេញ។
   នាឱកាសនោះ អភិបាលខណ្ឌដូនពេញ លោក ជា ខេមា បានលើកឡើងថា ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣នេះ ក្រុមហ៊ុនដែលដេញថ្លៃទាបជាងគេពេក ដែលមិនអាចទទួលយកបាន គឺមិនអនុញ្ញាតឲ្យទទួលយកគម្រោងឡើយ ជាក់ស្ដែងគឺក្រោម៤០% ។
   លោកអភិបាលខណ្ឌ បានគូសបញ្ជាក់ថា សម្រាប់សង្កាត់ទាំង១១ របស់ខណ្ឌដូនពេញ មានចំនួន១៥គម្រោង តម្លៃប៉ាន់ប្រមាណជាង ១.៦៤៩លានរៀល ក្នុងនោះរួមមាន៖ សង្កាត់ផ្សារថ្មីទី១ មាន១គម្រោង ។ សង្កាត់ផ្សារថ្មីទី២ មាន១គម្រោង ។សង្កាត់ផ្សារថ្មីទី៣ មាន១គម្រោង ។សង្កាត់បឹងរាំង មាន១គម្រោង។ សង្កាត់ផ្សារកណ្ដាលទី១ មាន១គម្រោង ។ សង្កាត់ផ្សារកណ្ដាលទី២ មាន២ គម្រោង ។ សង្កាត់ចតុមុខ មាន២គម្រោង ។ សង្កាត់ជ័យជំនេះមាន១ គម្រោង។ សង្កាត់ផ្សារចាស់ មាន២គម្រោង ។សង្កាត់ស្រះចក មាន២គម្រោង និងសង្កាត់វត្តភ្នំ មាន ១គម្រោង ។ សរុបទាំង១១សង្កាត់ ក្នុងចំនួន១៥គម្រោងនេះ មានទឺកប្រាក់ប៉ាន់ស្មានប្រមាណជាង១៦៤៩លានរៀល។
   លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងផងដែរថា ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ វាជាការចូលរួមរបស់វិស័យឯកជនតាមរបៀបប្រកួតប្រជែងប្រកបដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជាមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អ ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋនៅតាមគោលដៅរបស់គម្រោង។ ដូច្នេះ រាល់ការសាងសង់ ត្រូវធ្វើឱ្យមានគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស មានសោភ័ណភាព និងមានតម្លៃសមស្រប មិនប៉ះពាល់បរិស្ថានសង្គម ធានាបានសុវត្ថិភាពសាធារណៈ និងប្រើប្រាស់បានយូរអង្វែង និងយុតិធម៌។
   ក្នុងឱកាសនោះ លោក សុខ ពេញវុធ ក៏បានស្នើឱ្យគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ត្រូវមានការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសគឺការពិនិត្យផ្ដល់យោបល់ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ មានការទទួលខុសត្រូវចំពោះលទ្ធផលគម្រោង ជាពិសេសត្រូវធានាសុវត្ថិភាព ទីតាំងការដ្ឋានអនុវត្តគម្រោង។ ផ្តល់យោបល់កែលម្អជាផ្លូវការក្នុងសៀវភៅការដ្ឋាន នៅពេលចុះពិនិត្យការដ្ឋានអនុវត្តគម្រោង។  បន្ថែមពីនេះ លោកអភិបាលរងក្រុងរូបនេះ បានបន្តទៀតថា អ្នករៀបចំលទ្ធកម្មគម្រោងមូលនិធិសង្កាត់ មិនត្រូវដេញថ្លៃបានហើយធានាថាធ្វើបាន ហើយធ្វើមិនបាន ត្រូវមានការទទួលខុសត្រូវ៕