2023-12-13 03:12
107

ភ្នំពេញ ៖ កាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ យុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងជ្រុលទៅបុកខឿនថ្មផ្លោងមនុស្សទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យបែកក្បាលស្លាប់នៅនឹងកន្លែង ត្រង់ចំណុចជិតវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

  សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផឹន ណារិទ្ធិ អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅឯខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ C125 ពណ៌ក្រហម ស៊េរីឆ្នាំ២០១៤ ពាក់ស្លាក លេខកំពង់ឆ្នាំង 1E-7818 ។

   សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះខាងលើជិះម៉ូតូម្នាក់ឯង តាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងមកត្បូង ទិសដៅពីខេត្តចូលមកភ្នំពេញ ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុល ទៅបុកខឿនថ្មចែកទ្រូងផ្លូវ រួចផ្លោងមនុស្សទៅបោកផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវ ចំផ្ទៃមុខពេញទំហឹង ។ ក្នុងករណីដែរ កងកម្លាំង៧១១ កងពលតូចលេខ៧០ បានចុះទៅពិនិត្យនិងជួយ សង្រ្គោះបឋម ក្រែងអាចសង្គ្រោះជីវិតបាន តែកម្មអកុសលជនរងគ្រោះ បានបាត់បង់ជីវិតទៅហើយ។

   ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះទៅវាស់វែង នឹងយកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌដង្កោ បណ្ដោះអាសន្ន ។
រីឯសពប្រគល់ឲ្យសាច់ញាតិ ដឹកទៅស្រុកកំណើត ដេីម្បីធ្វើបុណ្យតាមប្រពៃណី៕