2024-02-15 12:02
65

ភ្នំពេញៈ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅអស់ចំនួន១០ខ្នង               ទាំងស្រុង និងបានឆេះរាលដាល០៣ខ្នងទៀតបណ្តាលឲ្យ ខូចខាត៦០% ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវលំ ភូមិចុងខ្សាច់ ក្រុមទី១២ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថានៅក្នុងហេតុការណ៍អគ្គិភ័យនេះកម្លាំងយើងបានចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដោយ បានប្រើប្រាស់រថយន្តពន្លត់            អគ្គិភ័យចំនួន ២៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់២១ឡាន រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន, និងរថយន្តសាលាខណ្ឌឬស្សីកែវ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១គ្រឿង។

សមត្ថកិច្ចបានបន្តថា ដោយសារតែទីតាំងខាងលើមានផលលំបាក ដូចជាស្ថានភាពផ្លូវមានស្ថានភាពតូចចង្អៀតពិបាកឲ្យកម្លាំងជំនាញចូលទៅក្នុងដើម្បីអន្តរាគមន៍បាញ់ទឹក              ពន្លត់ប៉ុន្តែទោះបីជាយ៉ាងណា ក៏កម្លាំងសមត្ថកិច្ចប្រើប្រាស់វិធានសាស្ត្រដើរថ្មើរជើង ដោយធ្វើការអូសទាញទុយោទឹកចូលទៅដល់ក្នុង ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់បាន ទាន់ពេលវេលា។

សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបាន គ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង ៣រសៀលថ្ងៃដដែលនោះ។  ចំពោះមូលហេតុគឺ    បណ្តាលមកពីការបើកហ្គាសចំអិនម្ហូបបង្កជាអគ្គិភ័យឆាបឆេះតែម្តង ៕