2023-05-08 07:05
266

(ភ្នំពេញ)៖ បន្ទាប់ពីមានការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើការដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត ដើម្បីឲ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្តទៀត។ 

ក្នុងនោះនាយឧត្តមសេនីយ៍ សៅ សុខា គោរពតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយបន្ដធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដដែល។ 

យោងតាមលិខិតឆ្លើយតបដែលបណ្ដាញព័ត៌មាន ទទួលបាន នៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា នាយឧត្តមសេនីយ៍ សៅ សុខា សូមគោរពតាមការណែនាំ និងសំណូមពររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងភក្តីបំផុត។ 

សូមគោរពបងប្អូនទស្សនិកជនស្នេហាកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុនអ្នកឧបត្ថម្ភ បណ្តាញផ្សព្វផ្សាយ និងមិត្តភក្តិបរទេសទាំងអស់រួមនឹងសេចក្តីថ្លែងការណ៍គាំទ្រអំពាវនាវឱ្យខ្ញុំបន្តតំណែងដឹកនាំកីឡាបាល់ទាត់កម្ពុជា ពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមហ៊ុនអ្នកឧបត្ថម្ភ ។ ល ។ បន្ទាប់ពីខ្ញុំបាទ បានប្រកាសលាលែងតំណែង ពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីរាត្រីថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣ ។

នាយឧត្តមសេនីយ៍ សៅ សុខា សូមគោរពទទួលយកនូវការអំពាវនាវពី សម្តេចអគ្គមហាសេនាបតីតេជោ និងបងប្អូនអ្នកនិយម ស្នេហាវិស័យកីឡាបាល់ទាត់ ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនអ្នកឧបត្ថម្ភ បណ្តាញផ្សព្វផ្សាយ និងមិត្តភក្កិបរទេសទាំងអស់ដើម្បីបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទៅតាមអាណត្តិ នៃការបោះឆ្នោតរបស់ខ្លួន។ 

ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់សម្ដេចតេជោ និងបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា សូមធ្វើការអំពាវនាវចំពោះក្លិប សមាគមជាសមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ត្រី បុគ្គលិក គ្រូបង្វឹក អាជ្ញាកណ្ដាល កីឡាករ ត្រូវបន្តធ្វើកំណែទម្រង់លើគ្រប់ផ្នែកដើម្បីភាពជឿនលឿនថ្មី សម្រាប់វិស័យបាល់ទាត់នៅកម្ពុជា ដើម្បីសុខភាព មិត្តភាព និងកិត្តិយសជាតិតាមរយៈការប្រកួតកីឡាបាល់ទាត់ជាលក្ខណៈអន្តរជាតិសម្រាប់អនាគតកាល៕