2023-06-19 05:06
411

កំពង់ស្ពឺ៖ បុរសជាប្តីពិការដៃទាំងសងខាងដោយសារតែឆក់ខ្សែភ្លើងពេលបំពេញការងារជាជាងដែក។ ចំណែកស្ត្រីជាប្រពន្ធមានផ្ទៃពោះ ៧ខែ រស់នៅក្នុងខ្ទមកំសត់ ដង្ហើយរកសប្បុរសជនជួយពួកគេគ្រាន់តាមលទ្ធភាពដើម្បីព្យាបាល និងហូបចុកផង។ 

បុរសជាប្តីពិការដៃទាំងពីរមានឈ្មោះ ប៉ុន ពិសី អាយុ ៣៣ឆ្នាំ អតីតជាងដែក រស់នៅភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រពន្ធមានឈ្មោះ សួន ចាន់រី អាយុ២៦ឆ្នាំ មុខរបរកម្មារិនីរោងចក្រ វិនធូរ៉ា ផ្នែកជំនាញបិតកាវ កាបូប បច្ចុប្បន្ននាងមានផ្ទៃពោះ ៧ខែទៀតផង។ 

បុរសពិការដៃទាំងពីរបានរៀបរាប់ទាំងអួលដើមករថា នៅមុនជួបហេតុការណ៍ធ្វើឱ្យលោកពិការដៃទាំងសងខាងនោះ គឺនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ លោកបានបំពេញការងារធ្វើដំបូលផ្ទះឱ្យគេ ដោយបានលើកដែកមួយដើម ប្រវែង ៦ម៉ែត្រ ដើម្បីផ្សារភ្ជាប់ ប៉ុន្តែនៅពេលដែលលើឡើងទៅលើ ហួសប្រហែល ២ម៉ែត្រ នៅក្បែរបង្គោលខ្សែភ្លើងធំ ស្រាប់តែស្រូបលោកឡើងផុតពីដី មួយសន្ទុះទើបធ្លាក់មកមកវិញឆេះខ្លោចដៃទាំងពីរខ្លោចពេញខ្លួនបាត់ទៅហើយ។ 

លោកបន្តទៀតថា ពេលធ្លាក់មកវិញដៃរួញនោះ លោកមានអាក្ការៈក្តៅក្នុងខ្លួន និងដៃខ្លាំងណាស់ បានស្រែហៅបងប្អូន ប្រជាពលរដ្ឋលើកលោកដាក់ចូលក្រោមម្លប់ រួចហើយបានទូរសព្ទហៅរថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាពឃុំស្រង់មកយក ប៉ុន្តែដោយអង្គុយចាំយូរពេក ទើបសម្រេចចិត្តដឹកលោកដាក់រម៉ឺកទៅដល់មណ្ឌលសុខភាពឃុំស្រង់ ក្រុមលោកគ្រូ អ្នកគ្រូពេទ្យបាន ដាក់សេរ៉ូម រួចក៏បញ្ជូនលោកបន្តទៅមន្ទីរពេទ្យព្រះកុសុមៈ (មន្ទីរពេទ្យលោកសង្ឃ) នៅឯរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ដៃរបស់លោកទាំងពីរតែម្តង ធ្វើឱ្យរូបលោកពិការអស់មួយជីវិត។ 

បើតាមការឱ្យដឹងពីស្ត្រីជាប្រពន្ធមានឈ្មោះ សួន ចាន់រី អាយុ២៦ឆ្នាំ មុខរបរកម្មារិនីរោងចក្រ មានផ្ទៃពោះចំនួន ៧ខែថែមទៀតផងនោះរៀបរាប់ថា ក្នុងនាមជាប្រពន្ធភ្លាមៗមិនអាចទទួលយកនូវរឿងនេះបានឡើយ។ ប្តីត្រូវឆក់ខ្សែភ្លើងកាត់ដៃទាំងពីរ ពិការអស់មួយជីវិត រូបគាត់មានផ្ទៃពោះចំនួន៧ខែទៀត មានកូនស្រីម្នាក់អាយុទើបតែ៧ឆ្នាំ រស់នៅក្នុងខ្ទម ចាស់មានសភាពទ្រុឌទ្រោម រហែកជញ្ជាំងដែលធ្វើពីស្លឹកត្នោត ពេលភ្លៀងធ្លាក់ត្រូវរត់ទៅជ្រកក្រោមផ្ទះប្អូននៅក្បែរគ្នានោះ។ 

ស្ត្រីជាប្រពន្ធបុរសពិការដៃទាំងពីរ បានបន្តទៀតថា ក្រោយពីប្តីជួបគ្រោះកំណាចនេះ រូបនាងបានសុំច្បាប់ប្រធានកន្លែងការងារក្នុងរោងចក្រ ចំនួន ២ខែ ដើម្បីមើលថែប្តី មើលថែសព្វគ្រប់ តាំងពីបញ្ចុកបាយ ងូតទឹក ដុសក្អែល ដូរសំលៀកបំពាក់។ល។ ហើយចាប់តាំងពីប្តីរបស់នាងជួបគ្រោះថ្នាក់មកសម្រាកនៅមន្ទីរពេទ្យលោកសង្ឃរយះពេលមួយខែពេញចំណាយលុយជិត ១ម៉ឺនដុល្លារ ដោយលក់សម្ភារៈ ដីធ្លី និងម៉ូតូ ដើម្បីព្យាបាលប្តី ហើយរាល់ថ្ងៃនេះ មុខរបួសមិនទាន់ជាសះស្បើយនៅឡើយទេ មានគ្រូពេទ្យមកចាក់ថ្នាំជាប្រចាំរាល់ថ្ងៃរហូតដល់ជាសះស្បើយ មុខរបួសទើបលែងចាក់ថ្នាំ។

ស្ត្រីជាប្រពន្ធបានបន្តទៀតថា មិនទាន់ដឹងថា ប៉ុន្មានថ្ងៃទៀតជាសះស្បើយនោះទេ ណាមួយប្តីពិការដៃទាំងពីរ រូបនាងសុំច្បាប់សម្រាកការងារ ណាមួយពោះធំជិតគ្រប់ខែទៀត ណាមួយគ្មានលុយ តើអ្នកណាខ្លះយល់អារម្មណ៍មួយនេះ

ជាចុងក្រោយរូបនាងលើកម្រាមដៃ ១០សំពះអង្វរដល់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស កាកបាទក្រហម ជាពិសេសសម្តេចតេជោហ៊ុន សែន សម្តេច កិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយក្រុមគ្រួសារនាងកំពុងតែជួបទុក្ខលំបាកមួយនេះផង៕