2023-12-15 03:12
117

ភ្នំពេញ៖ មន្ត្រីនគរបាលស័ក្តិ៤ម្នាក់ ដែលបម្រើការងារក្នុងអង្គភាពតម្រួតបទបញ្ជា បានយកកាំភ្លើងខ្លីបាញ់ក្បាលសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ដេក បន្ទាប់ពីមានជម្លោះពាក្យសម្តីជាមួយប្រពន្ធរឿងបន្តិចបន្តួចប៉ុណ្ណោះ។

ករណីមន្ត្រីនគរបាលបាញ់សម្លាប់ខ្លូន ខាងលើ កើតឡើង នៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលជនរងគ្រោះមានឈ្មោះ ណយ ផារ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលអង្គភាពតម្រួតបទបញ្ជា ស្នាក់ផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើត ភូមិរំលោងប្រឃ្នះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីជាប្រពន្ធជនរងគ្រោះបានហៅទូរសព្ទទៅប្តីរបស់ខ្លួនជាច្រើនលើក ប៉ុន្តែមិនមានការឆ្លើយតប លុះមួយសន្ទុះក្រោយមកជនរងគ្រោះបានមកដល់ផ្ទះក៏កើតមានទំនាស់ពាក្យសម្តីបន្តិចបន្តួចហើយស្ត្រីជាប្រពន្ធបណ្តេញឱ្យដេកក្រៅផ្ទះ។ ប្រភពបន្តថា ជនរងគ្រោះកំពុងដេកនៅមុខផ្ទះស្រាប់តែប្រពន្ធយកទឹកមកជះដាក់ជនរងគ្រោះស្រែកហៅឱ្យទៅដេកក្នុងផ្ទះវិញ និងបានចូលទៅក្នុងបន្ទប់យកកាំភ្លើងខ្លី ម៉ាក NP42.9 បាញ់ក្បាលខាហស្តាំធ្លាយទៅថ្ងាសបណ្តាលស្លាប់ភ្លាមៗតែម្តង។

ក្រោយមានករណីបាញ់សម្លាប់ខ្លួននេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ អធិការដ្ឋានខណ្ឌបានចុះមកដល់ហ៊ុំព័ន្ធទីតាំងកើតរងចាំមន្ត្រីជំនាញ និងក្រុមគ្រូពេទ្យផ្នែកកោសលវិច្ឆ័យ ចុះពិនិត្យ និងស្រាវជ្រាវតាមនិតិវិធី។

តាមការបញ្ជាក់គ្រូពេទ្យផ្នែកជំនាញកោសល្យវិច្ច័យ នៃអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចុះពិនិត្យហេតុ បានសន្និដ្ឋានថា «សពជនរងគ្រោះពិតជាស្លាប់ដោយសាធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង» ហើយសពត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕