2024-03-03 03:03
56

កំពង់ចាម៖ គិតត្រឹមរសៀលថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សំណុំរឿងករណីលោកឧកញ៉ា ទន់ ឆៃអ៊ាង អគ្គនាយកក្រុមហ៊ុន ព្រីមៀរ៍ ផាក (Premier Park) រដ្ឋបាលខេត្តកំពង់ចាម បានដាក់ពាក្យបណ្ដឹងដល់ស្ថាប័នសាលាដំបូងខេត្តកំពង់ចាមរួចហើយ ហើយស្ថាប័នតុលាការក៏កំពុងចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ខណៈការកាយយកថ្មចេញពីទន្លេវិញបានប្រមាណ ៧០ភាគរយ។ 
   ចំពោះវឌ្ឍនភពនៃការកកាយថ្មចេញពីផ្ទៃទន្លេ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គិតមកត្រឹមព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានធ្វើការដឹកនាំចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ ឃើញថាការអនុវត្តវិធានការរដ្ឋបាលនេះ។ 
   ជាក់ស្តែងភាគីម្ចាស់ដី (ឧកញ៉ា ទន់ ឆៃអ៊ាង) បានដំណើរការកកាយថ្មចេញពីផ្ទៃទន្លេ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសកម្មភាព កកាយថ្មចេញវិញនេះ គឺធ្វើឡើងទាំងយប់ទាំងថ្ងៃ។ ថ្មដែលត្រូវបានកកាយចេញទាំងអស់ ត្រូវបាន ដឹកចេញទៅទុកដាក់នៅដីឯកជន នៅទីតាំងផ្សេងទៀត។ 
  តាមការវាយតម្លៃជាបឋម ការកកាយថ្មចេញវិញនេះ គឺសម្រេចបានប្រមាណ ៧០% ពោលគឺផ្នែក ខាងលើត្រូវបានប្រមូលចេញអស់ហើយ និងបន្តកកាយយកផ្នែកខាងក្រោមទឹកបន្តទៀត។ តាមការប្ដេជ្ញាចិត្តរបស់ម្ចាស់ដី នឹងខិតខំកកាយថ្មពីផ្នែកខាងក្រោមទឹក ឲ្យរួចជាស្ថាពរ ក្នុងរយៈពេលត្រឹម ១០ថ្ងៃទៀត ហើយសកម្មភាពនៃការកកាយថ្មនេះ ត្រូវបានភាគីម្ចាស់ដី រាយការណ៍ជូនអាជ្ញាធរជាប់ជាប្រចាំផងដែរ។ 
  សូមជម្រាបថា ចំពោះសកម្មភាពចាក់ថ្មនេះ បានកើតឡើងតាំងពីថ្ងៃទី០២ ខែមករា រហូតមកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបបែកធ្លាយសារព័ត៌មានចុះផ្សាយព្រោងព្រាត ទើបរដ្ឋបាលខេត្តបានដឹងហើយនៅថ្ងៃទី២២ ខែកុម្ភៈ ទើបប្រតិកម្មចុះពិនិត្យឃើញជាក់ស្តែង និងមានចំណាត់រដ្ឋបាលការលើម្ចាស់ទីតាំងជាបន្ទាន់តែម្តង។ 
   លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា សកម្មភាពចាក់ថ្មចូលទន្លេធ្លាប់ទៅលើគេចាក់ចូលសមុទ្រតែសកម្មភាពបែបនេះបែរជាកើតមានឡើងនៅស្រុកស្រីសន្ធរ។ បន្ទាប់ពីប្រជុំចប់អភិបាលស្រុក ត្រូវកោះហៅមេឃុំទាំង ១៤ឃុំ នាយប៉ុស្តិ៍ មកប្រជុំនៅសាលាស្រុក ដើម្បីរៀបចំដាក់ផែនការត្រួតពិនិត្យមើលពីសកម្មភាពកាប់ដីព្រៃដោយខុសច្បាប់ ចាក់ថ្មចូលទន្លេ បើឃើញខុសនៅត្រង់ទីតាំងណាមួយសូមឱ្យផ្អាកសកម្មភាព និងរាយការណ៍ជូនអាជ្ញាធរស្រុកបដើម្បីមានវិធានការតាមផ្លូវច្បាប់។ 
   លោកអភិបាលខេត្ត បានប្រាប់ដល់មន្ត្រីទាំងអស់ត្រូវពង្រឹងវិន័យឲ្យបានល្អទាំងឃុំ និងស្រុកធ្វើយ៉ាងណាយកចិត្តទុកដាក់ខិតខំបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចាប់ពីពេលនេះតទៅត្រូវលុបបំបាត់សកម្មភាពល្មើសច្បាប់ឲ្យអស់មិនឱ្យកើតមាននៅស្រុកស្រីសន្ធរបន្តទៀតទេ។ 
  ចំពោះករណីឧកញ៉ា ទន់ ឆៃអ៊ាង អគ្គនាយកក្រុមហ៊ុន Premier Park បានចាត់តាំងលោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត ដឹកនាំក្រុមការងារ ដែលមានមន្ទីរធនធានទឹក និងឧតុនិយម, មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត, មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បន្តត្រួតពិនិត្យតាមដាន វាយតម្លៃ នូវការអនុវត្តវិធានការរដ្ឋបាលនេះរហូតដល់ចប់ជាស្ថាពរ។ 
  ចំពោះវិធានការផ្លូវច្បាប់ គឺរដ្ឋបាលខេត្តកំពង់ចាម បានដាក់ពាក្យបណ្ដឹងដល់ស្ថាប័នសាលាដំបូងខេត្ត កំពង់ចាមរួចហើយ ហើយស្ថាប័នតុលាការក៏កំពុងចាត់ការបន្តទៅតាមនីតិវិធីច្បាប់ផងដែរ៕