2023-08-12 03:08
198

តាកែវ៖ ជនដៃដល់ជាឃាតករយកដុំថ្មគប់បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ចំនួន ០២នាក់ និង ០៧នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រម៉ាញ់។ 

 នគរបាលបានឲ្យដឹងថា សមត្ថកិច្ចបានអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ៧៣ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ របស់លោក សេង ជីងប៉ាវ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ បានបញ្ជាឱ្យនគរបាលនាំខ្លួនឈ្មោះ អាត់ សុវណ្ណារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន នៅភូមិច្រេស ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពតពាក់ព័ន្ធក្នុងករណីឃាតកម្ម។ 

 កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួនពីរនាក់ រួមមាន៖ ទី១- ឈ្មោះ វន់ ចាន់ភីដេត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិត្រពាំងឬស្សីឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ និងទី២- ឈ្មោះ ធី ប៊ុនធាន ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃឈើទាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។ លុះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១២និង០០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកជុំគីរី បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អាត់ សុវណ្ណារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ នៅចំណុចលើទំនប់ម្លិច ឃុំច្រេស ស្រុកជុំគិរី បច្ចុប្បន្ន រស់នៅច្រេស ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ 

 សូមរំឭកថា នីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២៤និង៤៥នាទី ស្ថិតលើផ្លូវកៅស៊ូ លេខ១៣២ ចន្លោះគីឡូម៉ែត្រ (៧-៨) ស្ថិតក្នុងភូមិព្រៃឈើទាល ឃុំតាភេម ស្រុកត្រាំកក់ មានករណីឃាតកម្មមួយករណីបង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នា ចំនូន ០៩នាក់ ជិះម៉ូតូ ចំនួន ០៤គ្រឿង ប្រដាប់ដោយវត្ថុរឹង (ដុំថ្ម) បានធ្វើសកម្មភាពគុបទៅលើជនរងគ្រោះឈ្មោះម៉ៅ វ៉ាន់នី ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅភូមិត្នោតជុំ ឃុំអូសាយ ដែលកំពុងជិះម៉ូតូឌុបឈ្មោះ សុខ ស្រស់ ភេទប្រុស អាយុ ២២ឆ្នាំ បណ្ដាលឲ្យត្រូវចំទ្រូងរងរបួសធ្ងន់ និងបានស្លាប់ក្រោយពីបានដឹកដល់មន្ទីរពេទ្យអង្គរការ។

 បន្ទាប់ទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុធ្វើការពិនិត្យសាកសព និងស្រាវជ្រាវកសាងសំណុំរឿងទៅតាមនីតិវិធី រហូតកំណត់បានមុខសញ្ញាជនសង្ស័យទាំង ០៩នាក់ និងឈានដល់ការចាប់ខ្លួនបាន ចំនូន ០២នាក់។ 

 តាមនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ មានក្រុមស្ទាវ ០២ក្រុម មួយក្រុមជិះម៉ូតូ ចំនួន ០៣គ្រឿង មានគ្នា ចំនួន ០៦នាក់ បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើក្រុមភាគីដែលមានគ្នា ០៩នាក់ បណ្ដាលឲ្យត្រូវខ្នងជើងឈ្មោះ វន់ ចាន់ភិដេត ខណៈនោះក្រុមភាគីដែលមានគ្នាចំនួន ០៩នាក់ បានយកដុំថ្មគប់ទៅភាគីម្ខាងទៀត វិញបណ្ដាលឲ្យត្រូវឈ្មោះ ម៉ៅ វ៉ាន់នី ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិត្នោតជុំ ឃុំអូសារាយ ដុំថ្មចំទ្រូង បណ្តាលឲ្យរងរបួសធ្ងន់បានស្លាប់ក្រោយពីដឹកដល់មន្ទីរពេទ្យអង្គរកា។ 

 បន្ទាប់ពីធ្វើការស្រាវជ្រាវដឹងសាវតាមុខសញ្ញាក្រុមជនសង្ស័យ និងដោយមានបទបញ្ជាពីលោកស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១១និង០០នាទី សមត្ថកិច្ចឃាត់ខ្លួនសង្ស័យ ០១នាក់ឈ្មោះវ ន់ ចាន់ភិដេត ព្រមទាំងដកហូតវត្ថុតាងម៉ូតូម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខតាកែវ 1U-2435 និងបក្សពួកចំនួន ០៨នាក់ទៀតបានរត់គេចខ្លួនបាត់អស់ លុះដល់ថ្ងៃទី១១ ខែសីហានេះ ចាប់ខ្លួនបានម្នាក់ទៀត នៅសល់ ០៧នាក់កំពុងតាមចាប់ខ្លូនបន្តទៀត។ 

 បច្ចុប្បន្ន ជនសង្ស័យដែលឃាត់ខ្លួន ០២នាក់នោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕