2024-02-05 02:02
70

ខេត្តក្រចេះ ៖  ក្តារខៀនចំនួន ៤០០ ជាអំណោយរបស់សាលាភូមិន្ទរដ្ឋបាល ក្រោមជំនួយមូលនិធិឧបត្ថម្ភការសិក្សាLotteតាមរយ:ឯកឧត្តមបណ្ឌិត សុខ សេងយ៉ន នាយករង តំណាងឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានប្រគល់ជូនសាលារៀននៅទូទាំងស្រុកស្នួល កាលពីចុងសប្តាហ៍កន្លងទៅ ក្រោមអធិបតីភាពឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អ្នកតំណាងរាស្រ្តមណ្ឌលក្រចេះ ដែលធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ស្នួល ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រមាណ ១.៥០០ នាក់ ។

    តាមការបញ្ជាក់ពីឯកឧត្តមបណ្ឌិត សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល សម្ភារៈសិក្សាដែលបានប្រគល់ជូនលោកគ្រូអ្នកគ្រូ-សិស្សានុសិស្ស ជាក្តារខៀននាពេលនេះ គឺទទួលបានពីជំនួយមូលនិធិឧបត្ថម្ភការសិក្សា មានឈ្មោះថា Lotte ក្នុងការជួយសម្រួលការសិក្សារបស់ប្អូនៗ ក្មួយប្រចាំថ្ងៃ ហើយក្តារខៀនជាគ្រប់ពូជនៃសុបិន្ត របស់សាលាភូមិន្ទរដ្ឋបាល ទទួលបានពីម្ចាស់មូលនិធិអាហារូបករណ៍ឡូតតេ សម្រាប់ខេត្តក្រចេះឧបត្ថម្ភសម្រាប់សាលាមត្តេយ្យ-បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ  សំដៅចូលរួមគាំទ្រក្រសួងអប់រំយុវជន ក៏ដូចអ្វីដែលមូលនិធិឧបត្ថម្ភការសិក្សាLotte ចង់បាន ។ ហើយគម្រោងផ្តល់ក្តារខៀន របស់មូលនិធិឧបត្ថម្ភសិក្សាឡូតតេនេះ និងបន្តមានផ្តល់ជូនដល់លោកគ្រូអ្នកគ្រូ-សិស្សានុសិស្ស នៅតាមបណ្តាស្រុកគោលដៅ ។

    មានប្រសានស៍ក្នុងឱកាសនោះ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អ្នកតំណាងរាស្រ្តមណ្ឌលក្រចេះ បានថ្លែងអំណរគុណចំពោះទឹកចិត្ត និងទិសដៅរបស់សាលាភូមិន្ទ ជាពិសេសអរគុណចំពោះមូលនិធិ អង្កការ និងប្រជាជនកូរ៉េ  ដែលគោលបំណងដើម្បីចូលរួមគាំទ្រក្រសួងអប់រំយុវជន និងកីឡា ដើម្បីធានាបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្តីពីការអប់រំឆ្នាំ២០៣០ខាងមុខ តាមគោលបំណងរបស់រាជរដ្ឋាភិបាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។

   ឯកឧត្តមបន្តថា៖ ក្នុងនាមថ្នាក់ដឹកនាំទាំងអស់ រួមនិងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស-បងប្អូនប្រជាពលរដ្ឋទាំងអស់របស់ខេត្តក្រចេះ គឺពិតជាអំណរគុណដ៏ជ្រាលជ្រៅចំពោះការឧបត្ថមក្តារខៀន សម្រាប់សាលាទាំងអស់ទូទាំងខេត្តក្រចេះនាពេលនេះ និងសូមឱ្យ Lotte កាន់តែរីកចំរើនឈានមុខក្នុងការជួយអភិវឌ្ឍន៍នូវវិស័យអប់រំនៅកម្ពុជាកានតែរីកចំរើនបន្ថែមទៀត និងបានជម្រុញលើកទឹកចិត្តដល់ក្មួយៗ ចៅៗ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ និងខិតខំសិក្សាស្រាវជ្រាវបន្ថែមឲ្យទៅនឹងសង្គមបច្ចប្បន្ន ឌីជីថល ៕  ណូរិទ្ធ (ក្រចេះ)