2023-10-24 05:10
316

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ប្រចាំឆ្នាំ២០២៣ នៅស្រុកវ៉ើនសៃ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក កុយ ជៀចវើនសៃ សមាជិកក្រុមប្រឹក្សាខេត្ត, លោក វ៉ាន់ សោភា អភិបាលរងខេត្ត និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពមួយចំនួន កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋជាច្រើនរយនាក់។

ក្នុងអង្គវេទិកាខាងលើនេះ សមាជិក សមាជិកា ក៏បានលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរមួយចំនួន។ ក្នុងនោះដែរបានលើកឡើងនូវសំណួរផ្ទាល់មាត់ជាច្រើន ដោយផ្អែកទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់) កសិកម្ម អគ្គិសនី អប់រំ ប្រព័ន្ធធារាសាស្ត្រ ពាណិជ្ជកម្ម (រកទីផ្សារលក់កសិផល) គ្មានការងារធ្វើជាដើម។

ក្នុងនោះ ត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូលឲ្យអស់កង្វល់ ដែលប្រជាពលរដ្ឋមានទុក្ខកង្វល់កន្លងមក ឲ្យបានកាន់តែជ្រួលជ្រាបផងដែរ។ អង្គវេទិកាដ៏ទទួលបានសំណួរ ក៏ដូចសំណូមពរដែលសរសេរជាលាយល័ក្ខអក្សរជាច្រើនសំណួរ និងសំណូមពរផ្សេងៗជាច្រើន។


លោក កុយ ជៀចវើនសៃ បានគូសបញ្ជាក់ថា អង្គវេទិកានេះ គឺដើម្បីឲ្យក្រុមប្រឹក្សាខេត្តធ្វើការរាល់នូវមតិ យោបល់ បញ្ហាប្រឈម និងសំណូមពរនានា មកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព និងឈានទៅរកការដោះស្រាយជូនចំគោលដៅ មានប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងករណីដោះស្រាយបានភ្លាមៗ គឺដោះស្រាយជូនភ្លាម,តែករណីមិនអាចដោះស្រាយបានភ្លាមៗ នឹងលើកពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហាដែលបានលើកឡើង ក្នុងអង្គវេទិកានេះឡើយ។


លោក កុយ វៀចវើនសៃ បានបន្ថែមថា វេទិកាពិគ្រោះយោបល់ថ្ងៃនេះ ពិតជាមានសារៈសំខាន់ក្នុងការជួយជំរុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ការពិនិត្យ និងដោះស្រាយបញ្ហា សំណួរ-សំណូមពររបស់ប្រជាពលរដ្ឋ និងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានទាំងមូលផងដែរ៕