2023-12-20 04:12
79

ភ្នំពេញ៖     នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យត្រៀមរៀបចំប្រារព្ធខួប លើកទី២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ «ឈ្នះ-ឈ្នះ» និង ខួប ៥ ឆ្នាំ នៃការកសាងវិមាន«ឈ្នះ ឈ្នះ» នៅទីស្តីការក្រសួងការពារជាតិ។

ក្នុងកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធានគណៈកម្មការសម្រាប់សិក្សា និងរៀបចំសាងសង់វិមានអនុស្សាវរីយ៍នយោបាយ «ឈ្នះ-ឈ្នះ» និង ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងមានការចូលរួមពីលោករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង មកពី ក្រសួង ស្ថាប័ន នានាជាច្រើនទៀត។

នាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងថាៈ ការប្រារព្ធខួប លើកទី២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និង ការអនុវត្តប្រកបដោយជោគជ័យនយោបាយ «ឈ្នះ-ឈ្នះ» និង ខួប ៥ ឆ្នាំ នៃការកសាងវិមាន«ឈ្នះ-ឈ្នះ» គឺជាព្រឹត្តិការណ៍សំខាន់ បង្ហាញពីសន្តិភាពដែលកម្ពុជាទទួលបានក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ដោយនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន ។ 

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណដល់ ក្រសួង ស្ថាប័ននានា ដែលបានចូលរួមចំណែកជួយជ្រោមជ្រែង ដើម្បីជំរុញឱ្យដំណើរការប្រារព្ធខួប ២៥ឆ្នាំ ប្រព្រឹត្តទៅទទួលបានជោគជ័យ។ 

សូមបញ្ជាក់ថា៖ ក្នុងពិធីប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ «ឈ្នះ-ឈ្នះ» និងខួប ៥ឆ្នាំ នៃការកសាងវិមាន «ឈ្នះ-ឈ្នះ» ក៏បានរៀបចំពិធីតាំងពិព័រណ៍ ដោយមានការចូលរួមពីស្ថាប័ន ក្រសួងនានា រួមមាន៖ ពិព័រណ៍សមិទ្ធផល ២៥ឆ្នាំ តាមរយៈនយោបាយ «ឈ្នះ ឈ្នះ» ពិព័រណ៍ផលិតផល និង ម្ហូបអាហារខ្មែរ ព្រមទាំង បាញ់កាំជ្រួច នៅពេលរាត្រី អបអរខួបលើកទី២៥ឆ្នាំ រយៈពេល ៣ ថ្ងៃចាប់ពី ថ្ងៃទី២៩  ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣៕