2024-03-01 11:03
56

ភ្នំពេញ៖ គម្រោងចំនួន២ របស់ ក្រុមហ៊ុន Ban Dao Investment Co., LTD  និង ក្រុមហ៊ុន  Haoruidar (Cambodia) Co., LTD នៅខេត្តព្រះសីហនុ ដែលមានទំហំទឹកប្រាក់វិនិយោគជិត ៦០០លានដុល្លារ បានទទួលការលើកទឹកចិត្តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុទាំងមូល។ 

នេះបើយោងតាមការបង្ហោះសារលើបណ្តាញ Telegram របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ 

តាមការបញ្ជាក់ក្នុងសាររបស់ប្រមុខដឹកនាំរដ្ឋាភិបាល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានបើកកិច្ចពិភាក្សា និងវាយតម្លៃលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ចំនួន ២ រួមមាន៖ 

១- ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ ៥៧៤ ០០០ ០០០ ដុល្លារអាមេរិក ដោយវិនិយោគក្នុងការសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន ២ ៨៧០បន្ទប់ នៅក្នុងមូលដ្ឋានពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

២- ក្រុមហ៊ុន  Haoruidar (Cambodia) Co., LTD មានទុនវិនិយោគ ១២ ៣៥០ ១៩០ ដុល្លារអាមេរិក ដោយវិនិយោគក្នុងការសាងសង់រោងចក្រកែឆ្នៃផ្លែឈើក្នុងស្រុក (ស្វាយ ម្នាស់ ខ្នុរ និងទុរេន) ស្ថិតនៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ 

អង្គពិភាក្សា ក៏បានវាយតម្លៃនូវភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពរបស់គម្រោងវិនិយោគ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការវិភាគលើបញ្ហាសេដ្ឋកិច្ច និងសង្គម ដោយការយកចិត្តទុកដាក់ខ្ពស់ ព្រមជាមួយនឹងការកំណត់វិធីសាស្ត្រគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅធ្វើយ៉ាងណាទាញប្រយោជន៍ដល់ជាតិឱ្យបានជាអតិបរមា និងមានផលប៉ះពាល់តិចតួចបំផុត។ 

ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា និងវាយតម្លៃនេះ គម្រោងវិនិយោគទាំង២ខាងលើ ទទួលបានការសាទរ ក៏ដូចជាការវាយតម្លៃថា នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុកាន់តែប្រសើរថែមទៀត ក៏ដូចជាការសម្រួចឱ្យខេត្តព្រះសីហនុ នឹងក្លាយជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជាផងដែរ ។ 

គួរកត់សំគាល់ថា ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និយាយជារួម និងការដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលផ្តល់នូវអត្ថប្រយោជន៍ពិសេស ចំនួន ៣ សំខាន់ៗដល់វិនិយោគិន, វិស័យវិនិយោគនៅកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ កំពុងមាននិន្នាការកើនឡើងគួរឱ្យចាប់អារម្មណ៍ ដែលជាការឆ្លុះបញ្ចាំងពីការជឿទុកចិត្តចំពោះស្ថានភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា ពីសំណាក់វិនិយោគិនបរទេស។ 

លើសពីនេះ កម្ពុជាក៏បានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ ១០០ពិន្ទុ (យោងតាមតារាង FDI Standouts Watchlist 2024) ដែលបន្ថែមនូវភាពទាក់ទាញដល់វិនិយោគិនបន្ថែមទៀតផងដែរលើបរិស្ថានវិនិយោគ និងធុរកិច្ច ដោយរាជរដ្ឋាភិបាល បាន និងកំពុងបន្តទាក់ទាញធុរជន ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសនានា ព្រមទាំងពង្រឹងនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោកផងដែរ ៕