2024-01-30 02:01
78

ភ្នំពេញ៖ ក្រុមគ្រូបារមីចូលរូបល្បីៗអួតចេះមន្តអាគមអូមអាម និងចេះសូត្រធម៌ច្រើនភាសារ ពេលនេះត្រូវបានមន្ត្រីនៃមន្ទីរធម្មការ និងសាសនា សហការជាមួយនគរបាលប៉ុស្តិ៍ចុះធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាឲ្យរាល់សកម្មភាពនានាផ្សាយផ្សាយលើបណ្តាញសង្គម ជាពិសេស អ្នកដែលបង្ហោះវីដេអូចាស់ ឬថ្មីទាំងអស់ត្រូវលប់កចោល មិនដូច្នេះនឹងមានវិធានការតាមផ្លូវច្បាប់ ។

 ក្រុមគ្រូបារមីចូលរូបទាំង ០៦រូប ដែលមន្ទីរធម្មការ និងសាសនា សហការជាមួយអាជ្ញាធរមូលដ្ឋានចុះធ្វើកិច្ចសន្យានោះ រួមមានដូចខាងក្រោម៖

  ទី១- ឈ្មោះ វ៉ាត វុធ ហៅគ្រូបារមី «តាឥសីសំរិទ្ធ ៧ភាសារ» ត្រូវបានលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ​ ធ្វើកិច្ចសន្យាលើកទី២ នៅថ្ងៃទី២​ ខែមករា​ ឆ្នាំ២០២៤ ។ 

  ទី២- ឈ្មោះ ញ៉ឹប​ សុភិន​  ហៅគ្រូបារមី «គ្រូឥណ្ឌា ១២ភាសារ» ត្រូវលោកប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ​ នៅថ្ងៃទី២​៧ ខែធ្នូ​ ឆ្នាំ២០២៣ ។ 

  ទី៣- ឈ្មោះ សុីវ សុផល ហៅបារមី «មុន្នីឥសីខ្លា»ត្រូវលោកប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ​ ធ្វើកិច្ចសន្យានៅថ្ងៃទី២​១ ខែមករា ឆ្នាំ២០២៤ ។ 

  ទី៤- ឈ្មោញ គឹន​ បុត្តា ជាគ្រូបារមីចេះមន្តអាគមដោះអំពើអាបធ្មប់ ត្រូវលោកប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម ធ្វើកិច្ចសន្យានៅថ្ងៃទី៤ ខែមករា​ ឆ្នាំ២០២៤ ។ 

  ទី៥- ឈ្មោះ ប៉ាន់ វណ្ណ: គ្រូបារមី ត្រូវលោកប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពត ធ្វើកិច្ចសន្យានៅថ្ងៃទី២ ខែមករា​ ឆ្នាំ២០២៤ ។ 

  ទី៦- កញ្ញា​ សុខ​ នី  ហៅអ្នកគ្រូ នី ជាបារមីទស្សទាយជោគវាសនា និងដោះអំពើអាបធម្ម ត្រូវលោកប្រធានមន្ទីរធម្មការ និងសាសនា ខេត្តក្រចេះ ធ្វើកិច្ចសន្យានៅថ្ងៃទី៣១​ ខែតុលា​ ឆ្នាំ២០២៣ ។  

 នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ ក្រសួងធម្មការ និងសាសនា បានអំពាវនាវឲ្យមហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឈប់បង្ហោះវីដេអូចាស់ៗកន្លងទៅ ឬវីដេអូថ្មីៗ ពាក់ព័ន្ធនឹងគ្រូបារមី គ្រូអូមអាមផ្សេងៗ ប្រសិនបើមិនបញ្ឈប់ទេសាមីខ្លួន និងមានវិធានការតាមផ្លូវច្បាប់ជាធរមាន ៕