2023-10-01 05:10
258

 (ស្វាយរៀង)៖ លោកបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងលោកសុខ រស់ អភិបាលរងខេត្ត និងក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ បានចុះពិនិត្យមើលសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល និងការបង្កបង្កើនផលស្រូវរដូវវស្សា ព្រមទាំងចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារដែលមានជីវភាពខ្វះខាតនៅឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

 ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងការបង្កបង្កើនផលស្រូវរដូវវស្សា របស់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់រោទិ៍ លោកបណ្ឌិត សម តារា បានផ្តាំផ្ញើនូវការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិសិង្ហហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង ដែលជានិច្ចកាលសម្ដេចតែងតែនឹករលឹកដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង ហើយទីណាមានទុក្ខលំបាក សម្ដេចតែងតែចាត់ឱ្យក្រុមការងារចុះសួរសុខទុក្ខនឹងនាំអំណោយចែកជូនឱ្យបានទាន់ពេលវេលាផងដែរ។

 បន្ថែមលើសពីនេះ លោកបណ្ឌិត សម តារា ក៏បានផ្ញើដល់ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពឱ្យបានល្អ ក្នុងរដូវភ្លៀងធ្លាក់នេះដោយគេងនៅក្នុងមុង ដាំទឹកឱ្យបានឆ្អិន ជាពិសេសត្រូវមើលថែរក្សាក្មេងតូចៗកុំឱ្យឆ្លងជំងឺគ្រុនឈាម និងសម្អាតបរិស្ថានបរិវេណនៅជុំវិញផ្ទះឱ្យបានស្អាត និងណែនាំកូនចៅកុំឱ្យក្មេងលេងទឹកដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ជាយថាហេតុផងដែរ។

 បន្ថែមលើសពីនេះ លោកបណ្ឌិត សម តារា ក៏បានជំរុញឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ចំពោះពលរដ្ឋណាដែលមានជីវភាពខ្វះខាត ត្រូវចាត់ឱ្យក្រុមការងារយកអំណោយ ជួយឱ្យបានទាន់ពេលវេលា មិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ ដោយមិនដឹងនោះឡើយ។ ត្រូវបន្ត ដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងត្រូវអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឱ្យបានទទួលលទ្ធផលល្អ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត។

 លោកបណ្ឌិតក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរួមទាំងអាជ្ញាធររួមគ្នាថែរក្សាសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលបានកសាងនៅមូលដ្ឋានស្រុកកំពង់រោទិ៍ទាំងអស់ ឱ្យបានប្រើប្រាស់បានយូរអង្វែង សម្រាប់ជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ម្យ៉ាងទៀតត្រូវរួសរាន់បង្កបង្កើនផលស្រូវរដូវវស្សាឱ្យបានទាន់ពេលវេលា និងបន្តធ្វើស្រូវប្រដេញទឹកបន្ថែមទៀតផងដែរ។

 ក្នុងឱកាសនោះ លោកបណ្ឌិត សម តារា បាននាំនូវអំណោយចែកជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ ក្នុង១គ្រួសារទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន ១០ម៉ឺនរៀល ហើយចំពោះគ្រួសារដែលកូនមានជំងឺប្រសៃប្រសាទ។ លោកបណ្ឌិតក៏បានឧបត្ថម្ភ ១០ម៉ឺនរៀល ជារៀងរាល់ខែ ព្រមទាំងចូលបច្ច័យចំនួន៥០មុឺនរៀល ដល់ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានកម្មវិធីបុណ្យផងដែរ៕