2024-01-30 04:01
67

ភ្នំពេញ៖       កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ ដឹកនាំស៊ើបអង្កេត និងស្រាវជ្រាវឈានដល់ការបំបែកសំណុំរឿងឃាតកម្មនៅស្រុកស្នូល ខេត្ដក្រចេះ ដោយជនដៃដល់ សរុបចំនូន ០៣នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ ។ 

មុខសញ្ញាពាក់ព័ន្ធក្នុងករណីឃាតកម្មកាប់សម្លាប់ជនរងគ្រោះដ៏សាហាវខាងលើ ត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាប់ខ្លួននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ ចំណុចភូមិឈោងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។ 

សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៨និង០០នាទី នៅចំណុច គីឡូម៉ែត្រ ៩៦ ស្ថិតនៅភូមិជ្រៃម៊ាំង ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើងបង្កដោយជនសង្ស័យ ចំនួន ០៣នាក់ រួមមាន៖ ទី១៖ ឈ្មោះ សែ សុភាព ភេទប្រុស អាយុ ៣៥ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ទី២៖ ឈ្មោះ យ៉ាន់​ សៅ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង ទី៣៖ ឈ្មោះ ឡង់ រិន ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិជីតុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ 

ផ្នែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានឲ្យដឹងថា៖ មុនពេកកើតហេតុពួកគេបានធ្វើសកម្មភាព យកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះ ចំនួន ០២នាក់ រួមមាន ឈ្មោះ អ៊ា សែម ភេទប្រុស អាយុ ៣៨ឆ្នាំ រងរបួសធ្ងន់រហូតបណ្ដាលឲ្យស្លាប់ និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ តឿ តន ភេទប្រុស អាយុ ៣២ឆ្នាំ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល និងបានបញ្ចូនទៅសង្រ្គោះបន្តនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។ 

ក្រោយកើតហេតុ ឈ្មោះ ឡង់ រិន ភេទប្រុស អាយុ ៤០ឆ្នាំ ត្រូវបានឃាត់ខ្លួនភ្លាមៗ និតសង្ស័យចំនួន ០២នាក់ ឈ្មោះ យ៉ាន់​ សៅ និងឈ្មោះ សែ សុភាព បានរត់គេចខ្លួនបាត់ដោយបានយកវត្ថុតាងទៅជាមួយផងដែរ ។ 

ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, អគ្គស្នងការរង ទទួលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និង ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងបើកការស្រាវជ្រាវភ្លាមៗ ។

ក្រោយទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និង លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ប្រើវិធានការជំនាញ​ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ​ ។ 

លុះដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យបាន ចំនួន ០២នាក់ មានដូចខាងក្រោម 

ទី១៖ ឈ្មោះ សែ សុភាព ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួនបានត្រង់ចំណុច​ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង​) និង ទី២៖ ឈ្មោះ យ៉ាន់​ សៅ​ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួនបានត្រង់ចំណុចភូមិឈោងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង) ។

បន្ទាប់ពីបានធ្វើការសាកសួរបឋម​​ ជនសង្ស័យទាំង ០២នាក់ខាងលើ បានសារភាពថា៖ «ពួកខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ និងរងរបួស ពិតប្រាកដមែន ដោយសារតែជនរងគ្រោះបានបង្កហិង្សាមកលើបងប្រុសរបស់ពួកខ្លួន ទើបឈានដល់ការកាប់សម្លាប់ និងហិង្សានេះឡើង»។ 

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ​ ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕