2024-03-03 03:03
52

ព្រៃវែង៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ណែនាំ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ទាំងអស់ត្រូវពង្រឹង អនុវត្តនៅគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យបានល្អប្រសើរ ជាពិសេសត្រូវបង្ក្រាបនៅល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋានរបស់ខ្លួនធ្វើយ៉ាងណាដើម្បីសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែលឯកឧត្តម អភិបាលខេត្ត  បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នារសៀលថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៤ នៅសាលាខេត្តព្រៃវែង។ 
   ឯកឧត្តម អភិបាលខេត្ត ក៏បានបន្ថែមទៀតថា ដើម្បីអនុវត្តនូវគោលនយោបាយដែលបានដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដោយត្រូវពង្រឹង សន្តិសុខ សណ្ដាប់ធ្នាប់ និងអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅតាមមូលដ្ឋានរបស់ខ្លួនធ្វើយ៉ាងណាដើម្បីលុបបំបាត់ឱ្យបានរាល់ភាពអសកម្មមួយចំនួននៅតាមមូលដ្ឋាន។ និងជាពិសេសនោះត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់នៅតាមមូលដ្ឋាន ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋប្រកបដោយភាពកក្តៅ។ 
  ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តក៏បានកោតសរសើរនិងមានតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរ រដ្ឋបាលក្រុង ស្រុក ទាំង១៣ នៃខេត្តព្រៃវែង ដែលបានអនុវត្តនូវផែនការសកម្មភាពការងាររបស់ខ្លួនលើការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ។ 
ក្នុងនោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានដាំណែនាំដល់រដ្ឋបាល ក្រុង ស្រុក ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបាន ល្អប្រសើរឡើងបន្ថែមទៀត ក្នុងការបំពេញតម្រូវការចាំបាច់របស់គាត់។ 
   សូមបញ្ជាក់ថា៖ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យនិងតាមដាននៅផែនការសកម្មភាពរបស់មន្ទីរអង្គភាព រដ្ឋបាល ក្រុង ស្រុក ទាំងអស់នៃខេត្តព្រៃវែង ដែលអង្គភាពទាំងអស់នោះបានអនុវត្តកន្លងមក ដើម្បីពិនិត្យនិងតាមដាន បំពេញបន្ថែមនូវចំណុចខ្វះខាត ទាំងអស់នោះឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕