2023-08-15 11:08
154

សាខា កក្រក រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៣នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំស្តីពី ការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ។ មានវត្តមានចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន៖ លោក លោកស្រីជាមន្ត្រីប្រតិបត្តិសាខា មន្ត្រីប្រចាំការអនុសាខាខណ្ឌទាំង១៤ សរុបចំនួន២០នាក់ ។ 
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១. កិច្ចពិភាក្សាពីស្ថានភាព និងផលប៉ះពាល់គ្រោះមហន្តរាយ ដែលតែងកើតមានឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
២. ការត្រៀមបង្កា និងឆ្លើយតបគ្រោះមហន្តរាយ 
៣. ការវាយតម្លៃ និងធ្វើរបាយការណ៍ច្បាស់លាស់ ក្រោយការឆ្លើយតបគ្រោះមហន្តរាយ ។ 
នាឱកាសនោះ លោក ជិន ប៊ុនធឿន បានពាំនាំនូវប្រសាសន៍ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលផ្តាំផ្ញេីសាកសួរសុខទុក្ខ និងថ្លែងអំណរគុណដល់មន្ត្រីប្រតិបត្តិសាខា និងអនុសាខាខណ្ឌទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំលះបង់កម្លាំងកាយចិត្តបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងឆន្ទៈ សំដៅរួមគ្នាធ្វេីឱ្យការបំពេញការងារមនុស្សធម៌របស់យេីងទទួលបាននូវជោគជ័យ ។ លោកបានលើកឡើងថា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គ្រោះមហន្តរាយដែលកេីតឡេីងមានដូចជា គ្រោះអគ្គីភ័យ ជំនន់ទឹកភ្លៀងនៅតាមសណ្តស្ទឹងព្រែកត្នោត គ្រោះថ្នាក់ចរាចរណ៍ ។ ល។ ដែលត្រូវមានវិធានការបង្ការ ទប់ស្កាត់ និងធ្វេីការឆ្លេីយតប សំដៅធ្វេីយ៉ាងណាឱ្យអត្រារងគ្រោះធ្លាក់មកនូវកំរិតទាបបំផុត ។ លោកនាយកសាខា ក៏សូមឱ្យអនុសាខាខណ្ឌទាំងអស់ ធ្វេីការតាមដានកំណត់ច្បាស់លាស់ និងវាយតម្លៃនូវប្រភេទគ្រោះមហន្តរាយដែលឧស្សាហ៍កើតមានក្នុងភូមសាស្ត្រខណ្ឌរបស់ខ្លួន ស្រង់ស្ថិតិប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះពិតប្រាកដឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការឆ្លេីយតបជួយសង្គ្រោះ នៅពេលមានគ្រោះមហន្តរាយ ព្រមទាំងវាយតម្លៃក្រោយការឆ្លើយតប ។ ក្នុងករណីមានការរងគ្រោះដោយគ្រោះមហន្តរាយ សូមរាយការណ៍បន្ទាន់មកកាន់សាខា ដើម្បីយេីងវាយតម្លៃ និងចាត់ចែងឆ្លេីយតបឱ្យបានទាន់ពេលវេលា ៕