2023-10-23 09:10
288

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ បុរសម្នាក់មកពីផឹកស្រានៅផ្ទះមិត្តភក្ដិត្រឡប់ទៅផ្ទះវិញ ដល់ជិតមាត់ស្ទឹងរអិលជើងធ្លាក់ចូលស្ទឹងបាត់រយៈពេលជិត១ម៉ោងទើបរកឃើញ តែអកុសលបានបាត់បង់ជីវិតទៅហើយ។

   លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ជឿន លុន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
លោកបានបញ្ជាក់ថា ក្រោយទទួលព័ត៌មានថាមានជនរងគ្រោះម្នាក់ស្រវឹងស្រាដើរត្រឡប់ទៅផ្ទះវិញបានរអិលជើងធ្លាក់ចូលក្នុងស្ទឹងនៅអំឡុងម៉ោងជាង៤រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នៅចំណុចស្ទឹងប្រហូត ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណមក កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានចុះធ្វើអន្តរាគមន៍ជួយរាវរក ហើយប្រើប្រាស់យុទ្ធនាការចុះរុករករហូតជិត១ម៉ោងទើបបានប្រទះឃើញជនរងគ្រោះស្រង់ឡើងគោក តែអកុសលបានស្លាប់បាត់បង់ជីវិតទៅហើយ។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានបញ្ជាក់ថា ក្រោយពេលកម្លាំងរកឃើញសាកសពជនរងគ្រោះដែលលង់ទឹកស្លាប់ហើយប្រគល់អោយមន្ត្រីជំនាញពិនិត្យរួច បានប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ លោកឧត្តមសេនីយ៍ត្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ននៅពេលមានទឹកជំនន់ ត្រូវការពារកូនចៅកុំអោយមានគ្រោះថ្នាក់កើតឡើងដូចករណីខាងលើ៕