2023-06-02 06:06
244


ភ្នំពេញ៖ បុរសម្នាក់បានបាត់ខ្លួនក្រោមកាកសំណល់សំរាម ក្នុងប្រឡាយទឹកស្អុយមួយកន្លែង ព្រោះតែចុះរាវតាមរកញញួរមួយបានធ្លាក់បាត់កាលពីកន្លងទៅថ្មីៗនេះ ព្រោះញញួរនោះជាដើមទន់រកទទួលទានប្រចាំថ្ងៃសម្រាប់វាយកម្ទេចសំណង់បែកបាក់ចាស់ៗ ដែលគេទុកចោល ដើម្បីយកដែកលក់អេតចាយចិញ្ចឹមជីវិត។


ហេតុការណ៍បាត់ខ្លួនជនរងគ្រោះ ក្នុងប្រឡាយទឹកស្អុយនេះ បានកើតឡើងនៅយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បុរសរងគ្រោះដែលបានបាត់ខ្លួនមានឈ្មោះ ចាន់ ណា វ័យប្រមាណ ៤០ឆ្នាំ មានទីលំនៅ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
តាមសម្តីមិត្តភក្តិជនរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះបានមកបបួលខ្លួនទៅវាយថ្មសំណង់ផ្ទះចាស់ៗដែលគេបោះបង់ចោល ដើម្បីយកដែកថ្លឹងលក់អេតចាយដូចរាល់ដង ប៉ុន្តែគាត់បានបដិសេធមិនទៅនោះទេ ព្រោះខ្លួនបានធ្វើឱ្យជ្រុះញញួរសម្រាប់វាយបំបែកថ្មប៉េតុងនោះវាបានធ្លាក់ទៅក្នុងប្រឡាយលូបាត់ទៅហើយរកមិនឃើញទេ។ 


សាក្សីបន្តទៀតថា ពេលនោះជនរងគ្រោះក៏បានប្រាប់ថា ទុកឱ្យគាត់ជាអ្នកទៅរកវិញ រួចនាំគ្នាដើរទៅដល់កន្លែងបាត់ញញួរហើយជនរងគ្រោះបានដោះសម្លៀកបំពាក់សល់តែខោជើងខ្លី បានចុះទៅមុជរាវរកញញួរក្នុងប្រឡាយទឹកស្អុយខាងលើ ប៉ុន្តែនៅតែរករកញញួរមិនឃើញចេះតែបន្តមុជរាវរហូតលេចបាត់ឈឹងក្រោមកាកសំណង់សំរាម ក្នុងប្រឡាយលូទឹកស្អុយបង្កឱ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋចោមរោមមើល និងបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយជួយស្វែងរកបុរសដែលបានបាត់ខ្លួននោះ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ រួមទាំងសមត្ថកិច្ចមូលដ្ឋាន បានប្រើប្រាស់គ្រឿងចក្រ អេស្កាវ៉ាទ័រ ធ្វើការស្វែងរកសាកសព ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕