2024-02-18 04:02
71

(កំពង់ស្ពឺ)៖ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ពង្រឹងសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឈានឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល», នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដោយមានការចូលរួមពីយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១៩នាក់ បានរៀបចំកម្មវិធីពិនិត្យសុខភាពដល់ស្រ្តីមានផ្ទៃពោះ ៥១នាក់ នៅមណ្ឌលសុខភាពដំណាក់ចាន់ ដែលស្ថិតនៅឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
   ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោកវេជ្ជ. អោ វណ្ណថេន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ។
   មានមតិសំណេះសំណាលនាឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានគូសបញ្ជាក់ពីគោលបំណងសំខាន់ចំនួន ៤ ក្នុងកម្មវិធីថ្ងៃនេះ គឺ៖
១៖ អបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ដែលកត់សម្គាល់នូវការបរិច្ឆេទ ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារទី២ ពីអង្គការសហប្រជាជាតិ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១១។
២៖ អបអរសមិទ្ធផលដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំប្រឹងប្រែងកាត់បន្ថយអត្រាមរណភាពមាតាពីចំនួន ៤៣៧នាក់ ក្នុងទារកកើតរស់១០០,០០០នាក់ នៅឆ្នាំ២០០០ មកនៅត្រឹមចំនួន ១៥៤នាក់ ក្នុងទារកកើតរស់ ១០០,០០០នាក់ នៅឆ្នាំ២០២១-២២ ។ រីឯអត្រាឆ្លងមេរោគអេដស៍ ពីម្តាយមកទារកបានធ្លាក់ចុះពីអត្រា ១៥.២០% នៅឆ្នាំ២០១៨ មកនៅ ៩.៩០% នៅឆ្នាំ២០២២។
៣៖ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ កាកបាទក្រហមកម្ពុជា ក្រោមការណែនាំតម្រង់ទិសជាប្រចាំពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តខិតខំប្រឹងប្រែង ក្នុងការអប់រំផ្សព្វផ្សាយ និងលើកកម្ពស់សុខភាពមាតា និងទារក ដែលនឹងរួមចំណែកដល់វិធានការគន្លឹះរបស់ក្រសួងសុខាភិបាល ឈានទៅគ្របដណ្តប់សេវាសុខភាពជាសាកល។
៤៖ បើកឱកាសឱ្យយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមជីវភាពក្នុងការងារសង្គម និងបន្ថែមគុណតម្លៃបំណិនជីវិត ផ្សាភ្ជាប់ ការសិក្សាជំនាញជាមួយនឹងការចុះអនុវត្តជាក់ស្តែង។
ជាមួយគ្នានេះ ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ពង្រឹងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ, លោកស្រីអគ្គលេខាធិការ បានពាំនាំនូវសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនបងប្អូនស្រ្តីជាមាតាទាំងអស់ក្នុងខ្លឹមសារដូចជា៖
*សូមឱ្យស្រ្តីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះ យ៉ាងតិច៤ដង តាមពេលវេលាកំណត់ ដើម្បីទទួលវ៉ាក់សាំងបង្ការគ្រប់មុខ ជាពិសេសស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ដើម្បីកុំឱ្យមានការចម្លងមេរោគ ពីម្តាយទៅកូន។ សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញ។
*សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងម្តាយទាំងកូន យកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់។ សូមបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្តល់អាហារបបរខាប់គ្រប់គ្រឿងដល់កុមារ។
*សូមយុវតី-ស្រ្តីក្នុងវ័យបន្តពូជដែលមានអាយុ ១៥ទៅ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះយោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាល និងសូមនាំកុមារីអាយុ៩ឆ្នាំ ទៅទទួលវ៉ាក់សាំង (HPV) បង្ការជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា។
ស្ត្រីមានផ្ទៃពោះទាំង ៥១នាក់ បានទទួលការពិនិត្យសុខភាពពី គ្រូពេទ្យ និងនិស្សិតមកពីសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ដោយក្នុងនោះទទួលបាន ការវាស់សម្ពាធឈាម ស្ទង់ជីពចរ ពិនិត្យផ្ទៃពោះ ស្តាប់ចង្វាក់បេះដូង ធ្វើអេកូសាស្ត្រ និងទទួលបានថ្នាំទម្លាក់ប៉ារ៉ាស៊ីត វីតាមីនគ្រប់មុខ ថ្នាំសារជាតិដែក និងឱសថបំបាត់ការឈឺចាប់។ បន្ថែមពីនេះ ស្ត្រីទាំង ៥១នាក់ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា រួមមាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្សែងពោះគោ១ សាប៊ូដុសខ្លួន២ដុំ អង្ករវីតាមីន ២កញ្ចប់ ព្រមទាំងថវិកា ២ម៉ឺនរៀល។
   ក្នុងឱកាសបំពេញការងារនោះដែរ ក្រុមការងារបានបែងចែកជា ២ពីរមុខព្រួញទៀតដោយ លោកស្រី ពុំ ចន្ទីនី បានដឹកនាំក្រុមការងារ រួមជាមួយគ្រូពេទ្យ និងនិស្សិតពេទ្យ ចុះសួរសុខទុក្ខស្ត្រីទើបសម្រាលកូនតូចចំនួន ៣គ្រួសារ នៅតាមផ្ទះ ដើម្បីពិនិត្យសុខភាព ផ្តល់ថ្នាំវីតាមីន និងអំណោយមនុស្សធម៌មួយចំនួន។
   ចំណែកលោកស្រី ម៉ែន នារីសោភ័គ និងក្រុមការងារ បានបន្តជួបជាមួយស្ត្រីកូនតូច ជនចាស់ជរា ចំនួន ៦៨នាក់ ដើម្បីធ្វើការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី ការថែទាំសុខភាពបឋម, បញ្ហាប្រឈមរបស់ស្ត្រីចំពោះជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់, និងបញ្ហាជំងឺមិនឆ្លង ៤ប្រភេទ ដូចជាជំងឺបេះដូងសរសៃឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលជំងឺទាំងនេះបង្កឡើងដោយការបរិភោគចំណីអាហារ និងការប្រព្រឹត្តរបស់មនុស្សម្នាក់ៗ។
    ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសការចូលរួមសហការពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ អនុសាខាស្រុកសាមគ្គីមុនីជ័យ អាជ្ញាធរមូលដ្ឋាន មន្រ្តី បុគ្គលិក មណ្ឌលសុខភាពដំណាក់ចាន់ ដែលបានចូលរួមសហការក្នុងការរៀបចំកម្មវិធីថ្ងៃនេះ និងសូមបន្តចូលរួមជាកម្លាំងដ៏មានសក្តានុពល អនុវត្តវិធានការគន្លឹះនានារបស់ក្រសួងសុខាភិបាល ជាពិសេសក្នុងសម្រេចបានអត្រាស្លាប់ទារកមកនៅត្រឹម ៧០នាក់ក្នុងទារកកើតរស់ ១០០,០០០នាក់ តាមការកំណត់របស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០។
   ជាមួយគ្នានេះ លោកស្រីបានប្រគល់ប្រគល់បណ្ណសរសើរ និងបណ្ណថ្លែងអំណរគុណរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ, ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពដំណាក់ចាន់ និងក្រុមគ្រូពេទ្យ-និស្សិតពេទ្យ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលផងដែរ៕