2023-08-08 01:08
128

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រលប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នេះ បានចេញនូវសេចក្តីបំភ្លឺជុំវិញ សកម្មភាពកម្លាំងសមត្ថកិច្ចអាវុធហត្ថ ចុះឃាត់ខ្លួនបុរសម្នាក់ ដោយមានសម្លេង ខុសអីហេតុអ្វីបានត្រូវចាប់គាត់.....” និងអត្ថបទមួយ បានសរសេរថា “អាងខ្លួនមានខ្សែ ហើយបុរសម្នាក់ ជាប៉េអឹមខណ្ឌទួលគោក បានវាយស្ត្រីម្នាក់ ដែលជាអ្នកមានជម្លោះជាមួយភាគីម្ខាងទៀតដែលស្រីៗឈ្លោះគ្នាពាក្យសម្តី.......ឯកឧត្តម រ័ត្ន ស៊្រាង មេត្តាជួយរកយុត្តិធម៌អោយអ្នកក្រខ្សត់ហើយត្រូវបានគេបំពានផង”។

 លោកឧត្តមសេនីយ៍ អេង ហ៊ី បានធ្វើការឆ្លើយតបនឹងព័ត៌មាន ដែលបានចុះផ្សាយតាមបណ្តាព័ត៌មានសង្គមដោយបង្ហាញអំពីសកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការឃាត់ខ្លួនបុគ្គល ០១រូប ហើយមានសម្លេងនិយាយថា “អត់មានខុសអីហេតុអ្វីបានត្រូវចាប់គាត់...” និងអត្ថបទមួយទៀតបានសរសេរថា “អាងខ្លួនមានខ្សែ ហើយបុរសម្នាក់ ជាប៉េអឹមខណ្ឌទួលគោក បានវាយស្ត្រីម្នាក់ ដែលជាអ្នកមានជម្លោះជាមួយភាគីម្ខាងទៀតដែលស្រីៗឈ្លោះគ្នាពាក្យសម្តី តែគាត់បានមកកាងឱ្យភាគីបង្កជម្លោះវាយគេឡើងសន្លប់ហើយព្រឹកឡើងនាំកម្លាំងមករកចាប់គេទៀត អយុត្តិធម៌ណាស់ សូមឯកឧត្តម រ័ត្ន ស៊្រាង មេត្តាជួយរកយុត្តិធម៌អោយអ្នកក្រខ្សត់ហើយត្រូវបានគេបំពានផង”។

 ជុំវិញករណីចោទចុះផ្សាយរិះ និងចោទប្រកាន់លើបណ្តាសសង្គមខាងលើ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយជូនសារណជនថា តាមរបាយការណ៍ជំហានដំបូងរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីនេះ កើតហេតុ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០០និង០២នាទីយប់ ចំណុចលើផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនរងគ្រោះបានទូរស័ព្ទប្តឹងតាមប្រព័ន្ធប្រតិកម្មរហ័សកងរាជអាវុធហត្ថរាជធានីភ្នំពេញ “១២៩១”។ 

 តាមដំណើររឿង ជនរងគ្រោះឈ្មោះ ណុប ផល ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក មានកូនខ្ចីទើបអាយុ ២ខែ។ ជនរងគ្រោះឈ្មោះ ណុប ផល សម្រាកមិនបានដោយសារថ្លង់ការចាក់ធុងប៉ាស់ ផឹកស៊ីរបស់អ្នកជិតខាងមួយក្រុម ជនរងគ្រោះបានដើរទៅប្រាប់អ្នកជិតខាងនោះ ហើយទាស់សំដីគ្នា ត្រូវអ្នកជិតខាងនោះវាយគាត់តែម្តង។

 លោកឧត្តមសេនីយ៍ អេង ហ៊ី បានឲ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងកងរាជអាវុធហត្ថ បានចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងអញ្ជើញបុគ្គលដែលពាក់ព័ន្ធទៅអង្គភាពកងរាជអាវុធហត្ថ ដើម្បីធ្វើការសាកសួរតាមនីតិវិធី ប៉ុន្តែបុគ្គលពាក់ព័ន្ធ ០១រូបនោះ មិនព្រមទៅតាមការអញ្ជើញរបស់កម្លាំងកងរាជអាវុធហត្ថនោះទេ។ 

 អ្នកនាំពាក្យរូបនោះ បានបញ្ជាក់ថា កងរាជអាវុធហត្ថ យើងខ្ញុំបំពេញតួនាទី ភារកិច្ចស្របនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ក្រមសីលធម៌ វិជ្ជាជីវៈ។ ចំពោះករណីខាងលើនេះ កងរាជអាវុធហត្ថនឹងធ្វើការប្រកាសព័ត៌មានជូនជ្រាបបន្ថែមទៀត នៅពេលដែលកសាងសំណុំរឿងតាមនីតិវិធីបានបញ្ចប់៕