2023-05-05 05:05
795

កំពង់ធំ៖ សោកនាដកម្មបាក់រណ្តៅដី បូមយករ៉ែមាសមួយកន្លែង នៅខេត្តកំពង់ធំ បានឆក់យកអាយុជីវិតមនុស្ស ចំនួន០៤នាក់ ខណៈពេលពួកគេចុះរុករកមាសក្នុងរណ្តៅខ្វះការប្រុងប្រយ័ត្នក៏ បាក់ដីសង្កត់ស្លាប់តែម្តង។ 

ករណីបាក់ដីរណ្តៅបូមយករ៉ែមាស ខាងលើ កើតឡើងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នេះ ស្ថិតនៅចំណុចអូករហាក់ ក្នុងតំបន់ស្នងអន ភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

តាមសេចក្តីការណ៍ បានឥ្យដឹងថា រណ្តៅបូមយករ៉ែមាសដែលជួបបញ្ហាបាក់ដីសម្លាប់មនុស្ស ចំនួន០៤នាក់នេះ ជារបស់ឈ្មោះ ស្វាយ ភឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មានប្រពន្ធឈ្មោះ មឿន សុខវី អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ 

ជនរងគ្រោះដែលស្លាប់ដោយការបាក់ដីរណ្តីបូមយករ៉ែមាសទាំង ០៤នាក់នេះ រួមមាន៖ 

ទី១- ឈ្មោះ បៀន ហោ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់។ 

ទី២- ឈ្មោះ សុខ ឈាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិផ្ទោល ឃុំមានជ័យ ស្រុកសណ្ដាន់។ 

ទី៣- ឈ្មោះ យឹម ចិត្ត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ វាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់។ 

ទី៤- ឈ្មោះ ពេល វទ្ធី (ហៅតាវ៉ែនតា) ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំតាឡោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ 

តាមសាក្សីដែលឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ ក្រុមជនរងគ្រោះបាននាំបូមរណ្តៅរ៉ែមាសខាងលើ ដើម្បីស្វែងរកកម្ទេចរ៉ែមាសដោយរកបានតិចតួចក្នុងមួយថ្ងៃៗ និងថ្ងៃខ្លះក៏រកសឹងតែមិនបានផងដែរ។ សម្រាប់ថ្ងៃជួបឧបទ្ទវហេតុ ក្រុមជនរងគ្រោះ បានធ្វើសកម្មភាពបូមរ៉ែមាសដូចសព្វមួយដង ខណៈពេលកំពុងចុះក្នុងរណ្តៅរ៉ែមានស្រាប់តែបាក់ដីសង្កត់លើស្លាប់អ្នកនៅផ្នែកខាងលើនៃរណ្តៅរ៉ែម៉ាសនាំគ្នាជួយជនរងគ្រោះដែរ ប៉ុន្តែការជួយសង្គ្រោះដល់អាយុជីវិតបានឡើយ។ 

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចចុះពិនិត្យ និងធ្វើកោសលវិនិច្ឆ័យរួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕