2024-02-20 05:02
59

កំពង់ចាម :  ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺផ្តាសាយបក្សី មន្រ្តីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានបន្តយុទ្ធនាការផ្សព្វផ្សាយពីជម្ងឺផ្តាសាយបក្សី និងវិធានការការពារ ដោយបាញ់ថ្នាំសម្លាញ់មេរោគនៅស្រុកចំការលើ ក្នុង តំបន់ដែលធ្លាប់រងការផ្ទុះជំងឺផ្តាសាយបក្សីនាពេលកន្លងមក  ។ 

យោងតាមសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនិងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការពង្រឹងការត្រួតពិនិត្យអនាម័យសត្វ និង            ផលិតសត្វក្នុង ការ ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺឆ្លងសត្វជាពិសេសជម្ងឺផ្តាសាយបក្សី លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម និងលោក សំ ពិសិដ្ឋ  អភិបាលស្រុកចំការលើ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះផ្សព្វផ្សាយ និងបាញ់ថ្នាំសម្លាប់មេរោគបង្ការជម្ងឺឆ្លងផ្តាសាយបក្សីនៅក្នុងភូមិត្រពាំងឫស្សី ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។

លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម ក៍បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលចិញ្ចឹមសត្វទាំងអស់ រួមកន្លែងសត្វត្តឃាតទាំងអស់ ចេះតាមដានសុខភាពសត្វចិញ្ចឹម និងសម្អាតបរិស្ថានជុំវិញ ប៉ុន្តែ ប្រសិនបើមានការសង្ស័យ ឬសត្វបក្សីងាប់ ត្រូវសហការនិងរាយការណ៍ មកមន្ត្រីពេទ្យភូមិភ្លាមៗ ដើម្បីរួមគ្នាចាត់វិធានការការពារទប់ស្កាត់ជំងឺមួយនេះកុំ ឱ្យ ឆ្លងរីករាលដាលបន្តទៀត។ 

គូសបញ្ជាក់ថា កន្លងមក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម  មានតំបន់មួយចំនួនដែលធ្លាប់ផ្ទុះជម្ងឺផ្តាសាយបក្សី រួមមាន៖ក្នុងឃុំតាំងក្រាំង ស្រុកបាធាយ, ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់, ឃុំជយោ ស្រុកចំការលើ និងស្រុកព្រៃឈរជាដើម  ៕