2023-06-11 12:06
348


ភ្នំពេញ៖ អ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក ដែលជាក្រុមហ៊ុនវិនិយោគដើទិញដីឡូត៍ទទួលបានផលចំណេញខ្ពស់ ពេលបែកពាងប្រហុកសារថ្មី ដោយមានប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ១០០គ្រួសារ បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅស្នងការនគរបាលខេត្តកំពត។ 


ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ បានសរសេរសារបង្ហោះលើផេកផ្លូវការរបស់ខ្លួនថា "កុំដើម្បីប្រយោជន៏ខ្លួនឯង ធ្វើអោយអ្នកដ៏ទៃទឹកភ្នែកប្រជាពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាស បានមកដាក់បណ្តឹងជាង ១០០គ្រួសារហើយគិតត្រឹមថ្ងៃត្រង់នេះ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ យុត្តិធម៌ត្រូវមានសំរាប់ប្រជាពលរដ្ឋទាំងអស់គ្នា"។ 
គណនីហ្វេសប៊ុកឈ្មោះ Chea Sopheak ដែលជាភ្នាក់ងារក្រុមហ៊ុន ពិភពដីមាស បានសរសេរថា វីរៈបុរសពួកយើង គ្មានពាក្យថាបោះបង់ដាច់ខាត មាសសុទ្ធមិនខ្លាចភ្លើង «ពិភពដីមាស នៅតែស្រស់ស្អាតក្នុងបេះដូងខ្ញុំជានិច្ច!»។ 
ជាការឆ្លើយតបនឹងគណនីហ្វេសប៊ុក Chea Sopheak ផេកស្នងការនគរបាលខេត្តកំពត បានសរសេរ "ថ្នាក់ដឹកនាំល្អអញ្ចឹង ស្រូតមកដោះស្រាយជាមួយប្រជាពលរដ្ឋខ្ញុំអោយបានឆាប់ៗផង"។ 
"ក្រុមហ៊ុនដីមាស! មាសសុទ្ធមិនខ្លាចភ្លើងចេញមុខមកជួបប្រជាពលរដ្ឋឆាប់ៗមកអញ្ចឹង!! សង្ឃឹមថាថ្នាក់ដឹកនាំល្អរបស់ក្រុមហ៊ុនដីមាស នឹងចេញមុខមកជួបប្រជាពលរដ្ឋដូចក្រុមហ៊ុន ជា សារ៉ន ដែរ! ហ៊ានមកជួបប្រជាពលរដ្ឋអត់ មកខ្លួនឯងកុំឲ្យតំណាងក្រុមហ៊ុន ឬមេធាវីមកជួបប្រជាពលរដ្ឋអោយសោះ"។ 
សូមជម្រាបថា ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក របស់អ្នក ហ៊ី គឹមហុង មានទីតាំងស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ បានដំណើរបើកលក់គម្រោងដីឡូត៍ ក្នុងភូមិស្តុកក្រោល ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយបោកបញ្ចោត និងបញ្ចុះបញ្ចូលឲ្យអតិថិជនទិញដីឡូត៏ ១ឡូត៍ក្នុងតម្លៃចាប់ពី១៥ ០០០ដុល្លារនឹងទទួលបានការប្រាក់ចំណេញ ៣% រហូតដល់ ២៤ខែ ឬ២ឆ្នាំ ដែលធ្វើឱ្យពលរដ្ឋជាច្រើន សម្រុកយកលុយធនាគារទៅទិញដីឡូត៏ពីក្រុមហ៊ុននោះ ប៉ុន្តែក្រុមហ៊ុននេះចាប់ផ្ដើមផ្ទុះរឿងអាស្រូវដោយអតិថិជនបានដាក់ពាក្យប្ដឹងទៅអាជ្ញាធរឱ្យជួយរកយុត្តិធម៌។ 


ក្នុងពាក្យបណ្ដឹងរបស់ជនរងគ្រោះ នៅខេត្តកំពត បានប្ដឹងក្រុមហ៊ុន ពិភពដីមាស មានអ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនដាក់ជួនលោកឧត្តមសេនីយ៍ទោ មៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា ដំបូងឡើយ បុគ្គលិកពីរនាក់របស់ក្រុមហ៊ុនពិភពដីមាស បានបញ្ចុះបញ្ចូលរូបគាត់ ឱ្យទិញដីឡូត៏ពីក្រុមហ៊ុន ពិភពដីមាស ក្នុងមួយឡូត៏ក្នុងតម្លៃ ១៨ ០០០ដុល្លារ មានទីតាំងនៅភូមិស្តុកក្រោល ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយបុគ្គលិកទាំងពីរនាក់ឈ្មោះ ឡឹប រ៉ប៊ី ភេទប្រុស អាយុ ៣៨ឆ្នាំ និងឈ្មោះ ឃឹង សាមួយ ភេទស្រី អាយុ ៣៩ឆ្នាំ សន្យានឹងផ្ដល់ផលចំណេញឱ្យមកអតិថិជនវិញ ៣% ស្មើនឹង៥៤០ដុល្លារ ក្នុងមួយខែរយៈពេល ២៤ខែ (០២ឆ្នាំ)។ 
នៅពេលឮភ្នាក់ងារក្រុមហ៊ុន ពិភពដីមាស អូសទាញ និងបញ្ចុះបញ្ខូលថាទិញដី ១ឡូត៍ទទួលបានផលចំណេញបែបនេះ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានយកកម្ចីពីធនាគារ ដើម្បីយកទិញដីឡូត៏នេះ ដោយសង្ឃឹមថានឹងទទួលបានប្រាក់ចំណេញ ៥៤០ដុល្លារ ក្នុងមួយខែ លុះថ្ងៃទី១១ ឧសភា ២០២៤ ទើបចប់កុងត្រា។ ក្រោយពីទិញដីឡូត៍ក្រុមហ៊ុន ពិភពដីមាស ក៏បានទទួលអត្ថប្រយោជន៍ ១០ខែ រហូតដល់ថ្ងៃទី១១ មេសា ឆ្នាំ២០២៣ ក្រុមហ៊ុនមិនបានផ្ដល់ផលចំណេញទៀតឡើយ ទើបសម្រេចចិត្តដាក់ពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុន ពិភពដីមាស ដើម្បីសុំសងប្រាក់ដើមរបស់ខ្លួនមកវិញ។ 
អតិថិជនរងគ្រោះ បានសរសេររៀបរាប់ក្នុងបណ្តឹងទៀតថា ដោយជឿលើការញុះញង់របស់បុគ្គលិកពិភពដីមាស ទើបគាត់យកប្លង់ដីទៅដាក់នៅធនាគារ ហើយយកលុយពីធនាគារទៅឱ្យក្រុមហ៊ុន ពិភពដីមាស ដោយរំពឹងថានឹងទទួលបានប្រាក់ចំណេញរាល់ខែរយៈពេល ២៤ខែ ដូច្នេះពេលនេះ សុំឱ្យក្រុមហ៊ុនផ្ដល់ប្រាក់របស់ខ្លួនត្រលប់មកវិញដើម្បីយកទៅសល់យកប្លង់ដីនោះមកវិញ។

ក្រោយពីផ្ទុះរឿងរ៉ាវដ៏រសើបនេះ ក្រុមហ៊ុន ពិភពដីមាស ការរៀបចំធ្វើបច្ចុប្បន្នភាព និងសម្របសម្រួលការបម្រើសេវាកម្មជូនអតិថិជន។ នេះបើយោងតាមសេចក្តីជួនដំណឹងរបស់ក្រុមហ៊ុន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។ 
តាមលិខិតក្រុមហ៊ុន ពិភពដីមាស អ៊ិនវ៉េសម៉ិន ឯ.ក បានឲ្យដឹងថា ដោយពិនិត្យឃើញជាក់ស្ដែង និងទទួលបានព័ត៌មានពី មជ្ឈដ្ឋានផ្សេងៗនាពេលថ្មីៗមកនេះ ដោយស្ដែងចេញពីការឆកល្វែងនូវការបម្រើសេវាកម្មជូនអតិថិជនមួយចំនួន ដែលជាមូលហេតុនាំឲ្យមានផលប៉ះពាល់ដល់សតិអារម្មណ៍ និងជំនឿទុកចិត្តរបស់បងប្អូនអតិថិជន
ក្នុងហេតុផលនេះ ក្រុមហ៊ុនមានកិត្តិយសសូមគោរពអញ្ជើញបងប្អូនអតិថិជនដែលជួបផលលំបាកដោយ សារការបម្រើសេវាកម្មរបស់ក្រុមហ៊ុននាពេលកន្លងមករហូតដល់បច្ចុប្បន្ន សូមមេត្តាអញ្ជើញមកកាន់ទីស្នាក់ការកុម ហ៊ុន ដែលមានអាសយដ្ឋាន នៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយភ្ជាប់មក ជាមួយនូវឯកសារពាក់ព័ន្ធ ដើម្បីឲ្យក្រុមហ៊ុនធ្វើនូវបច្ចុប្បន្នភាព និងសម្របសម្រួលជូនតាមការចាំបាច់ជាក់ស្តែង ដោយចាប់ផ្តើមពី (ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ) វេលាម៉ោង ០៨និង០០នាទីព្រឹក រហូតដល់ម៉ោង ០៣និង០០នាទីរសៀលនៅរៀងរាល់ម៉ោងធ្វើការ។ 
ក្រុមហ៊ុន ពិភពដីមាស បានបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាព និងសម្របសម្រួលនេះនឹងបានជាប្រយោជន៍ដ៏សំខាន់សម្រាប់បងប្អូនជាអតិថិជន និង សម្រាប់ក្រុមហ៊ុនរបស់យើងទាំងអស់គ្នាមិនតែប៉ុណ្ណោះកិច្ចការងារនេះក៏នឹងអាចចៀសផុតពីការបង្កនូវក្តីមហន្តរាយផ្សេងៗជាយថាហេតុផងដែរ៕