2023-05-02 05:05
250


ថ្មីៗនេះ មានរឿងក្តីមួយកំពុងតែកក្រើកក្នុងប្រទេសថៃខ្លាំង ដែលមានមេតុងទីនម្នាក់ឈ្មោះ Am បានប្រើសារធាតុគីមី Cyanide ទៅបំពុលសម្លាប់កូនតុងទីន និង ម្ចាស់បំពុលរបស់ខ្លួន រហូតដល់ស្លាប់ ១៦ នាក់តៗគ្នា តាំងពីឆ្នាំ ២០១៣។


នាងត្រូវបានគេចាប់ខ្លួន កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ហើយករណីរបស់ជនរងគ្រោះនីមួយៗត្រូវបានគេសើរ៉ើមកឡើងវិញទាំងអស់ ជាពិសេសក្នុងចំណោមជនរងគ្រោះនោះ ក៏មានស្វាមីចុងក្រោយរបស់នាងផងដែរ។
បុរសជាស្វាមីចុងក្រោយរបស់នាង មានឈ្មោះថា Dae មានមុខរបជាអ្នកចងការប្រាក់ ទើបតែបាត់បង់ជីវិតកាលពីខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ។ ព័ត៌មានបានឱ្យដឹងថា នៅថ្ងៃកើតហេតុ គឺថ្ងៃខួបកំណើតរបស់ Am ផ្ទាល់ នាង និង ប្តី ក៏បានទៅធ្វើបុណ្យជាមួយគ្នានៅវត្តមួយកន្លែង ហើយក្រោយពីនោះមិនយូរប៉ុន្មាន ស្រាប់តែគេប្រទះឃើញ ដេកស្លាប់ក្នុងបន្ទប់ទឹកនៅក្នុងផ្ទះ តែសាច់ញាតិក៏បានមិនបានចាប់អារម្មណ៍ច្រើន គិតថាគេស្លាប់ដោយសារតែសម្ពាធឈាមឡើងខ្ពស់។
យ៉ាងណាមិញ Am ដែលជាប្រពន្ធ ហាក់មិនខ្វល់ជាមួយការស្លាប់របស់ប្តីឡើយ នាងមិនបានទៅចូលរួមពិធីបុណ្យសពនោះទេ បែរជាទៅជប់លៀងខួបកំណើតរបស់ខ្លួនជាមួយមិត្តភក្តិ រហូតដល់ថ្ងៃបូជាចុងក្រោយទើបនាងលេចមុខក្នុងពិធីរបស់ប្តី។ ក្នុងនោះដោយសារតែឃើញនាងពពោះ ៤ ខែថ ខាងសាច់ញាតិរបស់ Dae ក៏កើតការអាណិត រួចបានផ្តល់លុយកាក់ជាច្រើនមកឱ្យនាង ទុកចិញ្ចឹមកូនទៀតផង។
ដោយឡែក ក្រោយមកខាងគ្រួសារ Dae ប្រទះឃើញដបសារធាតុម្យ៉ាងឈ្មោះ UN1680 ដែលជាសារធាតុនៅក្នុងក្រុមជាមួយ Cyanide នៅក្នុងផ្ទះរបស់ Am និង Dae ទើបកើតការសង្ស័យថាការស្លាប់របស់ Dae ហាក់មិនធម្មតា ហើយបានយកដបនោះទៅប្រគល់ឱ្យខាងប៉ូលិសត្រួតពិនិត្យ និង ដំណើរការក្តីតាមផ្លូវច្បាប់ផងដែរ៕