2024-03-24 03:03
41

ភ្នំពេញ៖ ក្រសួងការងារប្រកាសជូនដំណឹងដល់បងបងប្អូនកម្មករ-កម្មការិនី រោងចក្រស្បែកជើង អ.ជី ហ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ដែលត្រូវបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៨និង៣០ នាទីព្រឹក តទៅ ទៅតាមបញ្ជីឈ្មោះ និងលេខរៀង ដែលក្រសួងនឹងបិទផ្សាយនៅសាលាស្រុកអង្គស្នួល ចាប់ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២។
    នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នេះ បានបញ្ជាក់ថា ការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិត នៃរោងចក្រស្បែកជើង អ.ជី ហ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងបានជូនដំណឹងដល់កម្មករនិយោជិត នៃរោងចក្រ អ.ជី ហ៊្វូតវែរ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅផ្លូវលំ ភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ឱ្យបានជ្រាបថា «ដោយសារឧបទ្ទវហេតុអគ្គិភ័យឆេះរោងចក្រទាំងស្រុង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ធ្វើឱ្យរោងចក្រមិនអាចស្តារលទ្ធភាពដំណើរការអាជីវកម្មឡើងវិញក្នុងពេលឆាប់ៗបានឡើយ។ ក្នុងកាលៈទេសៈមិន ប្រាកដអំពីពេលវេលា និងលទ្ធភាពនៃការស្វែងរកទុនបន្ថែមថ្មី ដើម្បីជួសជុលសាងសង់ និងបំពាក់សម្ភារ បរិក្ខារឡើងវិញ រោងចក្របានប្រកាសបិទដំណើរការរបស់ខ្លួនទាំងស្រុង ដែលនាំឱ្យកិច្ចសន្យាការងាររបស់បងប្អូនកម្មករ និយោជិតទាំងអស់ត្រូវបានរំលាយផងដែរ»។
    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់បន្ថែមទៀតថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ក្រសួងបានកោះអញ្ជើញតំណាងរោងចក្រមកជួបពិភាក្សាអំពីការទូទាត់អត្ថប្រយោជន៍តាមច្បាប់ជូនបងប្អូនកម្មករនិយោជិត។ ជាលទ្ធផល បើទោះបីរោងចក្រកំពុងខ្វះខាតថវិកាទូទាត់ទៅភាគីជាច្រើនក៏ដោយ ក៏ម្ចាស់រោងចក្រនឹងផ្តល់អាទិភាពខិតខំស្វែងរកថវិកា ពីប្រភពនានាមកបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សងៗ ជូនបងប្អូនកម្មករនិយោជិត ស្របទៅតាមច្បាប់ ស្តីពី ការងារឱ្យបានមុនគេ។ 
   ក្រសួងបានឱ្យដឹងទៀតថា រោងចក្រទើបដំណើរការបានក្នុងរយៈពេលខ្លីហើយបងប្អូនកម្មករ និយោជិតប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាកំណត់ (FDC) ដូច្នេះ បងប្អូនកម្មករនិយោជិតនឹងទទួលបាន ចំនួន ៣ចំណុច៖ ទី១- ប្រាក់ឈ្នួលដែលមិនទាន់បានបើកក្នុងខែចុងក្រោយ (មាត្រា ១១៦), ២- ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ (មាត្រា ១៦៦ និងមាត្រា ១៦៧), ទី៣- ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ៥% (មាត្រា ៧៣) បងប្អូនកម្មករនិយោជិតអញ្ជើញទៅសាលាស្រុកអង្គស្នួល ដែលស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅ ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៨និង៣០ នាទីព្រឹក តទៅ ទៅតាមបញ្ជីឈ្មោះ និងលេខរៀង ដែលក្រសួងនឹងបិទផ្សាយនៅសាលាស្រុកអង្គស្នួល។
សម្រាប់ការបើកប្រាក់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗកម្មករនិយោជិត ត្រូវយកមកជាមួយនូវឯកសារ ដូចជា ប័ណ្ណ (កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករ និយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន, ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលមិនទាន់មានការងារថ្មីធ្វើមកទទួលឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលនឹងដាក់ប្រចាំការនៅខាងមុខរោងចក្រចាប់ពី ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ តទៅ និងនៅមុខសាលាស្រុកអង្គស្នួល នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ ឬមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
   ក្រសួងការងារបានថ្លែងអំណរគុណដល់ម្ចាស់រោងចក្រ ដែលមានការទទួលខុសត្រូវខ្ពស់ និងខិតខំរកថវិកាមកបើក ជូនកម្មករនិយោជិតតាមច្បាប់ ស្តីពី ការងារ និងតាមសំណូមពររបស់ក្រសួង ជាពិសេស អរគុណដល់បងប្អូន កម្មករនិយោជិតដែលបានរក្សាភាពស្ងប់ស្ងាត់ ប្រកបដោយមនោសញ្ចេតនាចូលរួមសោកស្តាយចំពោះឧបទ្ទវហេតុ នេះ និងទុកឱកាសឱ្យក្រសួង និងរោងចក្ររួមគ្នាដោះស្រាយបញ្ហានេះដោយសន្តិវិធី៕