2023-10-23 09:10
303

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿងរេពេញផ្លូវក៏ជ្រុលទៅបុកម៉ូតូ pcx ពីក្រោយបណ្ដាលឱ្យនារីម្នាក់ធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣  នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងកើតស្ពានអាកាស៧មករាស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាកមែរសឺដេសមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BW-8216ធ្វើដំណើរពីកើតទៅលិចរេពេញផ្លូវ លុះមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកម៉ូតូ pcx ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1JG-6039បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រីពីរនាក់ទៀត ពីក្រោយពេញទំហឹងបណ្តាលឱ្យនារីម្នាក់ដែលរួមដំណើរពីក្រោយធ្លាក់ពីលើម៉ូតូបោកទៅនឹងថ្នល់រងរបស់ធ្ងន់។ភ្លាមនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះក៏នាំគ្នាជួយដេញឃាត់រហូតមកដល់ត្រង់ចំណុចមុខក្រុមហ៊ុនប៊ូយ៉ុង ថោន តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទើបត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ជាប់ រួចនាំគ្នារាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕