2024-03-28 11:03
36

ភ្នំពេញ÷បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌ ខណៈ៣នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានគេជួយដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ បន្ទាប់ពីជួបនិងឧបទ្ទវហេតុរលំជញ្ជាំងក្នុងការដ្ឋានសំណង់មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៤ស្ថិតនៅក្នុងភូមិធ្លក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ចឹក ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មករអ៊ុតកៅស៊ូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំលូ៥ ក្នុងខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិសំបូរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ប្រភពបន្ថែមថាមុនពេលកើតហេតុ មានក្រុមកម្មករសំណង់ជាច្រើននាក់កំពុងធ្វើការងារ នៅខាងក្នុងអាងទឹកក្រោមដី នៅចំណុចការដ្ឋានសំណង់ខាងលើ ចំណែកជនរងគ្រោះកំពុងតែនៅអ៊ុតកៅស៊ូលើជញ្ជាំងដើម្បីកាពារជម្រាបទឹក ខណៈនោះស្រាប់តែមាន              អេស្ការវ៉ាទ័រ បានកាយប្រមូលខ្សាច់នៅក្នុងការដ្ឋាន ចៃដន្យក៏បណ្តាលឲ្យស្រុតបាក់ជញ្ជាំងសង្កត់ទៅលើជនរងគ្រោះរួមនិងកម្មករផ្សេងទៀតនៅក្នុងអាងទឹកបណ្តាលឲ្យ ជនរងគ្រោះ ស្លាប់ភ្លាមៗ ចំណែក៣នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបងប្អូនប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាម៊ុយ មកដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។

បន្ទាប់ពីកើតហេតុក៏មានសមត្ថិកិច្ចមូលដ្ឋាននិងជំនាញចុះទៅពិនិត្យនិងបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារដឹកបញ្ជួនទៅកាន់ស្រុកកំណើតដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។