2024-01-26 05:01
69

ក្មេងទំនើងមួយក្រុម មានគ្នា ៤នាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអណាធិបតេយ្យ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្របពេលដែលសមត្ថកិច្ចប៉ុស្តិ៍រការកោងទី២ កំពុងចុះល្បាតប្រទះឃើញក៏ដេញតាមក្របួចជាប់តែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកជ្រៅ ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ។
    សមត្ថកិច្ចបានឲ្យដឹងថាក្មេងទំនើងទាំង៤នាក់ខាងលើនេះ ទី១-ឈ្មោះ មឿន សានីត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ, ទី២.ឈ្មោះ ឆិល គឹមសេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករ, ទី៣.ឈ្មោះ ផាន នីមល ភេទប្រុស អាយុ ២០ឆ្នាំមុខរបរ កម្មករ និងទី៤.ឈ្មោះ ប៉ក់ ស៊ីថៃ ភេទប្រុស អាយុ២០ឆ្នាំមុខរបរ កម្មករ  អ្នកទាំង ៤នាក់ រស់នៅក្នុងភូមិព្រែកផ្តៅ ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ជាមួយនឹងការឃាត់ខ្លួននេះសមត្ថកិច្ចបានដកហូតម៉ូតូម៉ាកចំនួន ២គ្រឿង មួយគ្រឿងម៉ាក ហុងដា C125 ពណ៌ក្រហម ផលិតឆ្នាំ២០០៨ ឡើងតែមសេរ៊ីឆ្នាំ២០២២ ពាក់ ផ្លាកលេខ កំពង់ស្ពឺ 1A-9482 ចំនួន០១គ្រឿង មួយគ្រឿងទៀតម៉ាកវីវ៉ា ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខ កណ្តាល 1H-5844 រួមនឹងទូរស័ព្ទដៃចំនួន ៣គ្រឿងផងដែរ ។ 
   មុនឈានដល់ឃាត់ខ្លួនកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរការកោងទី២ បានចេញល្បាតក្នុងមូលដ្ឋានលុះមកដល់ ដល់ចំណុចខាងលើ ក៏បានប្រទះឃើញក្រុមក្មេងទំនើង ១ក្រុម មានគ្នាចំនួន០៤នាក់ ជិះម៉ូតូ២គ្រឿង កំពុងធ្វើសកម្មភាពបង្ហោះម៉ូតូ ភ្លាមនោះសមត្ថកិច្ច ក៏បានធ្វើការដេញតាមរហូតមកដល់ចំណុចឃុំរការកោងទី១ ទើបឃាត់ខ្លួនបាន។
   ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៤នាក់ខាងលើនេះត្រូវបានសមត្ថកិច្ចបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីធ្វើការសាកសួរនិងរង់ចាំមានវិធានការបន្តតាមផ្លូវច្បាប់។