2023-12-29 11:12
114

ពោធិ៍សាត់៖  លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្នងការរង និងក្រុមការងារនៃស្នងការរដ្ឋានបានអញ្ជើញជួបសំណេះសំណាល និងប្រគល់ថវិកាគោលនយោបាយជាង ៦០០លានរៀល ជូនមន្ត្រីនគរបាលជាតិចូលនិវត្តន៍ ពលី និងមរណ:ភាពចំនួន ៥២រូប។ 
    ពិធីជួបសំណេះសំណាល និងប្រគល់ថវិការដល់មន្រ្តីចូលនិវត្តន៍គ្រួសារពលី និងមរណ:នេះធ្វើឡើង នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅស្នងការរដ្ឋាននគរបាលខេត្តពោធិ៍សាត់។ 
    មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ស ថេង បានពាំនាំនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដែលជាមន្ត្រីនគរបាលជាតិចូលនិវត្តន៍ ព្រមទាំងបងប្អូនដែលបានទទួលមរណភាពទៅហើយក្តី បានលះបង់កម្លាំងកាយចិត្ត បម្រើការពារសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់ជូនជាតិមាតុភូមិ និងបងប្អូនប្រជាពលរដ្ឋ នាពេលកន្លងមក។ 
    លោកស្នងការបន្តថា សូមបងៗមេត្តាបន្តចូលរួមរក្សាការពារសុខសន្តិភាព និងជឿទុកចិត្តលើថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ដើម្បីរក្សាបានការអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ទន្ទឹមនេះលោកឧត្តមសេនីយ៍ទោស្នងការ បានអំពាវនាវសូមឲ្យបងប្អូនជាមន្ត្រីនគរបាលចូលនិវត្តន៍ ចូលរួមផ្តល់ព័ត៌មានមកដល់កងកម្លាំង ក្នុងការ បង្ការ ទប់ស្កាត់ បង្រ្កាប រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងអប់រំដល់កូនចៅជំនាន់ក្រោយ អំពីចំណេះដឹង ផលប៉ះពាល់នៃគ្រឿងញៀន នឹងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ 
     ថវិកាដែលត្រូវប្រគល់ជូនចំនួន៤៤៩,២០០,០០០រៀល ថវិកាគោលនយោបាយជូនគ្រួសារសពមន្ត្រីនគរបាលពលី ចំនួន០១គ្រួសារ ថវិកាចំនួន ៤១,៧១៧,៥០០រៀល និងថវិកាគោលនយោបាយជូនគ្រួសារសពមន្ត្រីនគរបាលទទួលមរណភាពចំនួន ០៦គ្រួសារ ថវិកាចំនួន ១២១,៩៨០,០០០រៀល ដែលថវិកាសរុបទាំងអស់មានចំនួន ៦១២,៨៩៧,៥០០រៀល ។ 
    សូមបញ្ជាក់ថា: ក្រោយពេលដែលទទួលថវិការពីលោកស្នងការនគរបាលខេត្តពោធិ៍សាត់រូចហើយ មន្រ្តីនគរបាលចូលនិវត្តន៍និងក្រុមគ្រួសារពលីនិងមរណ: បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងលោកស្នងការជាមួយក្រុមការងារ សូមជូនពរឲ្យសុខចម្រើនមានសុខភាពល្អ ដើម្បីបន្តដឹកនាំប្រទេសកាន់តែបន្តអភិវឌ្ឍន៍ទៅមុខទៀត៕ លាន គ្រន