2024-03-07 02:03
68

ភ្នំពេញ ៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់បានធ្លាក់ពីលើផ្ទះចូលប្រហោងជញ្ជាំងផ្ទះជាប់អស់ជាច្រើនម៉ោង បណ្តាលអោយក្មេងស្រីខាងលើអស់កម្លាំងនិងឈឺចុកចាប់ពេញរាងកាយ បង្កការភ្ញាក់ផ្អើលតាំងពីវេលាម៉ោង ០៦ និង៣០នាទីល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅផ្ទះលេខ២៦ ក្រុមទី៧ ភូមិ២ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

ក្មេងស្រីរងគ្រោះមានឈ្មោះ សុខ នីតា អាយុ ១៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។ 
តាមប្រភពព័ត៏មានពីម្តាយក្មេងស្រីរងគ្រោះបានអោយដឹងថា មុនកើតហេតុ កូនស្រីរបស់គាត់បានរត់លេងនៅមុខសំយាបផ្ទះ ដោយរត់ទៅមកៗ ។ ដោយខណៈនោះគាត់មិនចាប់អារម្មណ៍ គាត់ក៏បានដើរទៅផ្ទះបាយដើម្បីធ្វើម្ហូប លុះមួយសន្ទុះក្រោយមក គាត់ក៏ឮសំឡេងកូនស្រីរបស់គាត់ស្រែកអោយជួយ គាត់ក៏រត់ស្ទុះមកមើលឃើញកូនស្រីជាប់ក្នុងចន្លោះប្រហោងរបងបាត់ទៅហើយ ។ ភ្លាមៗនោះគាត់បានស្រែកឆោឡោអោយប្រជាពលរដ្ឋក្បែរខាងជួយអស់រយៈពេលជាង០១ម៉ោងទៅហើយនៅតែមិនអាចយកក្មេងស្រីខាងលើចេញបាន ទើបប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីទាក់ទងទៅក្រុមសង្រ្គោះ ៧១១ មកជួយអន្តរាគមន៍។ 

បន្ទាប់ពីក្រុម៧១១ បានមកដល់ កម្លាំងជំនាញបានធ្វើការខួងជញ្ជាំង និងប្រើវិធីសាស្រ្តមួយចំនួនរហូតជួយទាញយកក្មេងស្រីមកវិញបានដោយជោគជ័យ ។ 
ក្រោយកើតហេតុ ក្រុមសង្គ្រោះ៧១១ បានដឹកក្មេងស្រីរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយសង្រ្គោះ ៕