2023-12-08 03:12
136

ភ្នំពេញ៖ សំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍របស់តារាសម្តែង គឺកញ្ញា ជា ថាណាកា ហៅ ជា ណាកា បើករថយន្តស៊េរីទំនើបក្នុងស្ថានភាពស្រវឹងបុកម៉ូតូអូសជាច្រើនម៉ែត្រ នៅម្តុំមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញសេចក្តីប្រកាសព័ត៌មានអំពីចំណាក់លើរឿងនេះ ដើម្បីចាត់ការបន្តតាមនីតិវិធី។

 នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមការងារ MSJ TV ទទួលបានសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៦៨៨៨ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុច មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ មហាវិថីសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ រវាងរថយន្ត ០១គ្រឿង  ម៉ាក Ford Mustang ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2BW-0080 បើកបរដោយឈ្មោះ ជា ថាណាកា ហៅ ជា ណាកា ភេទស្រី អាយុ ២៥ឆ្នាំ និងម៉ូតូ អគ្គីសនី ០១គ្រឿង ម៉ាក Sunra ពណ៌ខ្មៅ បើកបរដោយឈ្មោះ សុត មាល័យ ភេទប្រុស អាយុ ៣៧ឆ្នាំ ។ ហេតុការណ៍ នេះបណ្តាលឲ្យឈ្មោះ សុត មាល័យ ជាអ្នកបើកបរម៉ូតូអគ្គីសនីបានស្លាប់នៅនឹងកន្លែងកើតហេតុ ។ 

 អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា នារីឈ្មោះ ជា ថាណាកា ហៅ ជា ណាកា ជាអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ចូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យចាត់ការបន្តតាមនីតិវិធី។ ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់លើភស្តុតាង និងស្តាប់ចម្លើយរបស់ភាគីពាក់ព័ន្ធជាពិសេស ពិនិត្យលើរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃើញថា «មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីភាគីបើកបរម៉ូតូអគ្គីសនី បើកបរមិនប្រកាន់គន្លងផ្លូវរបស់ខ្លួន ដោយបើកបរចូលគន្លងផ្លូវរបស់រថយន្ត។ ឯភាគីរថយន្តបានបើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតនៅក្នុងស្ថានភាពស្រវឹង។ ក្រោយមកក្រុមគ្រួសាររបស់ភាគីទាំងសងខាងបានធ្វើកិច្ចព្រមព្រៀងបញ្ចប់វិវាទហើយភាគីខាងម៉ូតូអគ្គីសនី បានទទួលសំណងរដ្ឋប្បវេណី និងមិនបានដាក់ពាក្យប្ដឹងឡើយ»

 ប៉ុន្តែដោយសារតែករណីនេះជារឿងព្រហ្មទណ្ឌ តំណាងអយ្យការបានបើកការស៊ើបសួរលើឈ្មោះ ជា ថាណាកា ហៅ ជា ណាកា តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៥១៨៧ អយឆ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ពីបទ៖ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ចដែលច្បាប់ចរាចរណ៍ផ្លូវគោក តម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ តាមបញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ចូនសំណុំរឿង នេះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី»