2024-04-09 12:04
206

ខេត្តពោធិ៍សាត់: លោកគ្រូអ្នកគ្រូនឹងសិក្សានុសិស្សនៅក្នុងវិទ្យាល័យនិងអានុវិទ្យាល័យពោធិ៍សាត់ នាព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២៤ បានប្រារព្ធពិធីតាំ ងពិពរណ៌ ស្នាដៃសិស្សនិងពិធីសង្ក្រាន្តឆ្នាំថ្មី ក្រោមអធិបតីភាពលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការសហការចូលរួមពីមន្ទីជំវិញខេត្តអង្គភាពនានា អភិបាលអភិបាលរងស្រុកក្រុងការិយាល័យអប់រំយុវជននិងកីឡា ផងដែរ។

នៅក្នុងពិធីនេះលោកអភិបាលខេត្តបានថ្លែងថា ពិធីតាំងពិពណ៌ស្នាដៃសិស្សានុសិស្សក្នុងវិទ្យាល័យនិងអនុវិទ្យាល័យពោធិ៍សាត់ បានប ង្ហាញអំពីចំណេះដឹងចំណេះធ្វើរបស់សិ ស្សានុសិស្សដែលជាការវាស់ស្ទង់នៅចំណេះដឹងបំណិនជីវិត សម្រាប់អនាគតសិស្សដែលជាទំពាំងស្នងឬស្សី បន្តវេនអភិវឌ្ឍន៍សង្គមជាតិពីរៀមច្បងយើង។

ទន្ទ្រឹមគ្នានេះដែរលោកអភិបាលរងខេត្តឲ្យដឹងទៀតថា ពាក្យថាសង្ក្រាន្ត ភាសាសង្ក្រឹត ដែលជាវប្បធម៌ប្រពៃណីរបស់ដូនតាខ្មែរ មានតាំងពីបុរាណកាលមក ជាពិសេសមានរូបភាពបញ្ជាក់យ៉ាងច្បាស់នៅលើសិលាចារឹកជញ្ជាំងអង្គរវត្ត។ សង្ក្រាន្តនេះបានប្រើប្រាស់នៅក្នុងប្រទេសចំនួន៤មានកម្ពុជា ថៃ ឡាវ និងភូមា ដែលបានថែរក្សាប្រពៃណីវប្បធម៌របស់ប្រទេសជាតិនិមួយៗដោយឡែកពីគ្នា។ចំពោះសង្ក្រាន្តរបស់ខ្មែរ គេមានការលេង ល្បែងប្រជាប្រិយជាប្រពៃណីរបស់ខ្មែរមានដូចជាចោលឈូង បោះអង្គុញ លាក់ កន្សែងទាញព្រ័ត ដណ្ដើមស្លឹកឈើ វាយ ក្អម រាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ ឬរបាំផ្សេងៗជាដើម ។

ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះខ្មែរយើងមួយចំនួនបែរជាយក សង្ក្រាន្តវប្បធម៌របស់ប្រទេសថៃមកលេងនៅក្នុងស្រុកដូចជាការលេងបាញ់ទឹកលេងប៉ាតម្សៅ គឺយើងចម្លងវប្បធម៌សង្ក្រាន្តរបស់គេ មិនមែនគេដណ្ដើមវប្បធម៌សង្ក្រាន្តរបស់ខ្មែរយើងឡើយ។

ដូច្នេះក្នុងនាមសិស្សានុសិស្សដែលជាគ្នាយុវជនសសរទ្រូងរបស់ប្រទេសជាតិនិងជាទំពាំងស្នងឬស្សីត្រូវតែរួបរួមគ្នាថែរក្សាសង្ក្រាន្តដែលជាប្រពៃណីរបស់មរតកដូនតាខ្មែរ យើងឲ្យបានគង់វង្ស ។ ត្រូវណែនាំអប់រំបងប្អូនកូនចៅរបស់យើងឥឡូវនិងជំនាន់ក្រោយៗ កុំនាំគ្នាចម្លងវប្បធម៌សង្ក្រាន្តរបស់គេ គឺកុំនាំគ្នាលេងបាញ់ទឹក និងកុំលេងប៉ាតម្សៅក្នុងពិធីបុណ្យសង្ក្រាន្តចូលឆ្នាំខ្មែរឲ្យសោះ។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសនោះ ក៏មានការសម្តែងក្បាច់គុណល្បុក្កតោ ការសម្តែងរបាំត្រុដិ ពិធីរំលឹកគុណគ្រូ ការសម្តែងល្ខោនយីកេរឿងម៉ាក់ថឺង ការបង្ហាញការរាំចង្វាក់ម៉ាឌីហ្សន និងណាំណាវ របស់ក្រុមសិស្សានុសិស្សវិទ្យាល័យពោធិ៍សាត់ និងពេលរសៀលក៏មានការលេងល្បែងប្រជាប្រិយខ្មែរ ការច្រៀងរាំ និងដើរបង្ហាញម៉ូតផងដែរ៕ លាន គ្រន