2024-07-01 06:07
137

ភ្នំពេញ៖     ជនសង្ស័យ ចំនួន ០៣នាក់ ក្នុងនោះ០២នាក់ ជាអ្នកឆរកស៊ីដឹកអីវ៉ាន់ ប្រហែលមិនសូវកាក់កបក៏នាំគ្នាបានធ្វើក់កម្មភាពឆក់ទូរសព្ទដៃពីនារីរងគ្រោះម្នាក់ កំពុងជិះម៉ូតូបានសម្រេច ប៉ុន្តែរត់គេចខ្លួនមកនរួច ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការបង្ក្រាបបានភ្លាមៗ 

ការបង្ក្រាបមុខសញ្ញាខាងលើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២០និង២៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូ ចំនួន ០២គ្រឿង មានគ្នាចំនួន ០៣នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូបានសម្រេច នៅចំណុច មុខឃ្លាំងស្តុកទំនិញឡាក់គី។ 

ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វើការប្រដេញប្រផាប់ចាប់ប្រភីងឃាត់ខ្លួនជនសង្ស័យបានទាំង ០៣នាក់ នៅចំណុច ផ្លូវទ្រុងមាន់ មុខផ្សារទំនើប ស៊ូភើស្ទ័រ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ជនសង្ស័យទាំង០៣នាក់ រួមមាន៖ ទី១៖ ឈ្មោះ រិទ្ធី វីរះ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ ១០០៤  សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ(អ្នកបេីក)។ ទី២៖ ឈ្មោះ វី ឌីម៉ង់ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកឥវ៉ាន់ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ជនដៃដល់) និងទី៣៖ ឈ្មោះ ឡុង វណ្ណឌី ភេទប្រុស អាយុវ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបដឹកឥវ៉ាន់ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលេខ ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ(បិទគូទ)។ 

ចំពោះសម្ភារះដកហូតមាន៖ ម៉ូតូ ម៉ាកហុងដាស្តុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KI-9475 (របស់ជនសង្ស័យ), ម៉ូតូ ម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KR-7511 (របស់ជនសង្ស័យ), ទូរសព្ទដៃម៉ាក អាយហ្វូនអុិច ពណ៌ស របស់នារីរងគ្រោះជំនាញបានប្រគល់ជូននារីរងគ្រោះវិញ។ 

បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕