2024-06-02 01:06
251

សៀមរាប៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងសមាជិក សមាជិកាប្រមាណ ១០០នាក់ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីធ្វើយោគៈ និងសមាធិនៅបរិវេណប្រាសាទអង្គរវត្ត។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា៖ «នេះជាលើកទីមួយដែលមូលនិធិគន្ធបុប្ផាកម្ពុជាបានរៀបចំកម្មវិធីយោគៈ និងសមាធិ នៅប្រាសាទអង្គរវត្ត ដែលជាទីសក្ការគោរពបូជារបស់ប្រជាជនខ្មែរយើង។ កម្មវិធីនេះ មានគោលបំណង បួងសួងសុំសេចក្តីសុខ ចូលរួមកម្មវិធីមនុស្សធម៌ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជាក្រោមមូលនិធិគន្ធបុប្ផាកម្ពុជា និងកម្មវិធីអប់រំសុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយ ស្ងប់អារម្មណ៍ដែលជំរុញឱ្យមនុស្សស្រឡាញ់សុខសន្តិភាព»។

លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានរៀបចំកម្មវិធីដ៏មានសារសំខាន់នេះឡើង និងសូមអរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកាដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលទទួលពិនិត្យ និងព្យាបាលកុមារដោយឥតគិតថ្លៃ មិនរើសអើង ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីភាពញញឹមរបស់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕