2024-06-21 01:06
132

ពោធិ៍សាត់៖ មេឈ្មួញរកស៊ីបទល្មើសព្រៃចាស់វស្សាឈ្មោះ កោះ សុភី ហៅ តាហយ ពេលនេះត្រូវអស់លក្ខត្រូវអភិបាលខេត្តពោធិ៍សាត់ ដឹកនាំបញ្ជាកម្លាំងចម្រុះដោយផ្ទាល់ប្រើប្រាស់រយៈពេលជាង ១សប្តាហ៍ ទើបបំបែកបានព័ន្ធចាប់ទីតាំងដាក់រោងម៉ាស៊ីនរ៉ៃអាឈើ និងឃ្លាំងស្តុបឈើ រឹបអូសបានវត្ថុតាងពាក់ព័ន្ធជាច្រើន ប៉ុន្តែមុខសញ្ញាប្រព្រឹត្តបទល្មើសបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិយ៉ាងរង្គាលដឹងខ្លួនមុនបានរត់គេចខ្លួនបាត់ស្រមោល ខណៈសាច់ញាតិ និងក្រុមគ្រួសារព្យាយាមរត់ស្វះស្វែងរកការជួយអន្តរាគមន៍ពីបុគ្គលមានអំណាច ដើម្បីបន្ធូបន្ថយបន្ទុក។

ជាក់ស្តែងគិតត្រឹមល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ កំពុងបន្តប្រតិបត្តិការយ៉ាងក្ដៅគគុក ដើម្បីប្រមូលវត្ថុតាងពាក់ព័ន្ធបន្ថែមក្នុងបទល្មើសកាប់បំផ្លាញព្រៃឈើរបស់មេឈ្មួញឈ្មោះ កោះ សុភី ហៅហយ ភេទប្រុស អាយុ ៦១ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ន នៅភូមិចាមចាស់, ភូមិកប្បាស និងភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងប្រតិបត្តិការយ៉ាងក្តៅគគុកនេះ សមត្ថកិច្ចចម្រុះបានរកឃើញវត្ថុតាងឈើចម្រុះជា កន្ទុយរ៉ឺម៉ករថយន្ត (V1) មានផ្ទុកឈើសរុបប្រមាណជាង ៤០ម៉ែត្រគូប។ ការបង្ក្រាបបទល្មើសព្រៃឈើទ្រុងទ្រាយធំចំពោះមេឈ្មួញចាស់វស្សារូបនេះ ស្ថាប័នជំនាញពាក់ព័ន្ធកំពុងសហការជាមួយមន្រ្តីជំនាញសុរិយោដីចុះស្រាវជ្រាវផ្ទះសម្បែង និងដីធ្លី បានរកឃើញ ចំនួន ០៦កន្លែង ស្ថិតនៅឃុំឈើតុំ និងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រសិនបើសមត្ថកិច្ចរកឃើញម្ចាស់កម្មសិទ្ធិ មានឈ្មោះ កោះ សុភី ហៅ តាហយ នឹងត្រូវរឹបអូសដកហូតទុកជាសម្បត្តិរដ្ឋ ដោយសារជាប់ពាក់ព័ន្ធបទល្មើសកាប់បំផ្លិចបំផ្លាញធនធានធម្មជាតិទ្រង់ទ្រាយធំ នៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ ដែលជាតំបន់ព្រៃអភិរក្សព្រៃឈើ និងសត្វព្រៃរបស់រដ្ឋ ព្រមទាំងត្រូវប្រឈមមុខការផ្តន្ទាទោសតាមផ្លូវច្បាប់ថែមទៀតផង។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តពោធិ៍សាត់ លោក ប៊ុង តាំងទី បានដាក់ពាក្យស្នើសុំដីកាអនុញ្ញាតឲ្យឆែកឆេរ លេខ ៥១២៧ រប/២៤ ទៅកាន់ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីស្នើសុំដីកាអនុញ្ញាតឲ្យឆែកឆេរទីតាំងឃ្លាំងមួយកន្លែងដែលមានលេខនិយាមការ UTM(410526-1359708) ដែលជាកម្មសិទ្ធិករឈ្មោះ កោះ សុភី ហៅ តាហយ ភេទប្រុស អាយុ ៦១ឆ្នាំ ស្ថិតនៅភូមិដង្គៀបក្ដាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ការស្នើសុំដីកាអនុញ្ញាតឆែកឆេរនេះ ធ្វើឡើងតបតាមកម្មវត្ថុ និងយោងតាមរបាយការណ៍របស់មន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើឈើតុំ ដើម្បីស្នើសុំបានការស៊ើបអង្កេតបឋមមកតំណាងអយ្យការ និងសុំអនុញ្ញាតឆែកឆេរឃ្លាំងរបស់ តាហយ ដោយសង្ស័យមានស្តុកឈើខុសច្បាប់ និងវត្ថុតាងពាក់ព័ន្ធបទល្មើសព្រៃឈើជាច្រើនទៀត ព្រោះម្ចាស់ទីតាំងមិនព្រមសហការជាមួយកម្លាំងចម្រុះ និងតាមដីកាសម្រេចអនុញ្ញាតឱ្យឆែកឆេរលំនៅឋាន ឬរុករកវត្ថុតាងលេខ ២៣១១ ពសប្រឆ/២៤ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ ចេញដោយលោក លី ចន្ថា ជ.ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ឡើយ។

យោងតាមដីកាសម្រេចអនុញ្ញាតឱ្យឆែកឆេរលំនៅឋាន ឬរុករកវត្ថុតាង លេខ ៥៣៥ ពសប្រឆ/២៤ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ សម្រេចឱ្យឆែកឆេរលំនៅឋាន (ឃ្លាំង) នៅចំណុច និយាមការ UTM (410384-1359553) ភូមិកប្បាស ឃុំឈើតុំ ស្រុកក្រគរ, ដីកាអនុញ្ញាតឱ្យឆែកឆេរលំនៅឋាន ឬរុករកវត្ថុតាង លេខ ៥៣៦ ពសប្រឆ/២៤ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ សម្រេចបង្គាប់ឱ្យឆែកឆេរលំនៅឋាន ឬរុករកវត្ថុតាង (ឃ្លាំង) នៅចំណុចនិយាមការ UTM (411058-1358816) ភូមិចាមចាស់ ឃុំឈើតុំ ស្រុកក្រគរ។ ចំពោះដីកាទាំងនេះ ចេញដោយលោក លី ចន្ថា ជ.ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចបង្គាប់ឱ្យឆែកឆេរលំនៅឋាន ឬរុករកវត្ថុតាង (ឃ្លាំង)ឈ្មោះ កោះ សុភី ហៅហយ ភេទប្រុស អាយុ ៦១ឆ្នាំ នៅទីតាំងខាងលើ។

ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើធនធានធម្មជាតិ ដែលកម្លាំងសមត្ថកិច្ចកំពុងបង្ក្រាប នៅតំចំណុច ដំណាក់ត្រយឹង ឃុំឈើតុំ ស្រុកក្រគរ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីសំណាក់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងឃ្លាំងស្តប់ឈើល្មើសច្បាប់ ចំនួន ០២កន្លែង ឆែកឆេររឹបអូសវត្ថុតាងល្មើសច្បាប់ជាច្រើន។ បើតាមប្រភពបានបង្ហើបថា បុគ្គលឈ្មោះ កោះ សុភី ហៅ តាហយ ជាមេឈ្មួញរកស៊ីបទល្មើសព្រៃឈើចាស់វស្សារាប់ឆ្នាំ ហើយកន្លងមកសមត្ថកិច្ចក៏ធ្លាប់បង្ក្រាបដែរ ប៉ុន្តែសម្រាប់តែថ្មីៗនេះ តាហយ ចាប់ផ្តើមលេចមុខល្បីល្បាញរឿងរកស៊ីដឹកបទល្មើសព្រៃឈើនាំចេញទៅក្រៅប្រទេសសារជាថ្មី ដោយមានឈ្មោះ ង៉ោ ម៉ៅ មានតួនាទីជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ជាអ្នកមើលការខុសត្រូវ និងរត់ការតាមដងផ្លុវឱ្យ តា ហយ។

តាមប្រភពខ្លះបង្ហើបថា ឈ្មោះ ង៉ោ ម៉ៅ ជាមន្ត្រីប៉ូលិសដែលមានការពាក់ព័ន្ធបទល្មើសព្រៃឈើនៅស្រុកក្រគរនេះ ធ្លាប់ល្បីមានឈ្មោះស្ថិតក្នុងបញ្ជីខ្មៅរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ ប៉ុន្តែករណីនេះ ត្រូវបានស្ងប់ស្ងាត់ទៅវិញ។ ទោះបីជាយ៉ាងណាអង្គភាព អឹម អេស ជេ មិនទាន់ស្វែងរកការបំភ្លឺបន្ថែមពីលោក ង៉ោ ម៉ៅ ជាមន្ត្រីនគរបាលស្រុកក្រគរ បាននៅឡើយទេ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ហើយអង្គភាពរងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធសំណុំរឿងកាប់បំផ្លាញព្រៃឈើខាងលើគ្រប់ពេលវេលាផងដែរ។ 

លោក តាន់ គឹមសួរ ដែលគេស្គាល់ថា ជាប្រធានក្រុមយុវជនការពារព្រៃឈើ និងបរិស្ថាន បានបង្ហោះលើគណនីហ្វេសប៊ុកមានឈ្មោះ «Tan Kimsour» បានឱ្យដឹងថា៖ ករណីថ្មីៗនេះ នៅថ្ងៃទី១៣-ថ្ងៃទី១៥ ខែមិថុនា ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្ដម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រោមការដឹកនាំរបស់ លោក ប៊ុង តាំងទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានរកឃើញឃ្លាំងស្តុកឈើធំៗ ចំនួន ០៣ទីតាំង ចំកណ្ដាលទីប្រជុំជន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ តែម្ដង ហើយនៅក្នុងឃ្លាំងមួយចំនួន គឺមាន៖ ការរៀបចំម៉ាស៉ីនរៃច្រៀកឈើ និងសិប្បកម្មកែច្នៃឈើខុសច្បាប់ (សំឡេងម៉ាស៉ីលឺខ្លាំងណាស់), រកឃើញនូវប្រភេទឈើកម្រជាច្រើន ដែលប្រភេទឈើ និងធំហំឈើទាំងនោះសុទ្ធសឹងតែប្រភេទឈើនាំចេញទាំងអស់, រកឃើញនូវកន្ទុយឡានវេអង បាត់ក្បាលឡាន (ជាប្រភេទឡានដឹកជូនឈើចេញទៅក្រៅស្រុក), រកឃើញនូវឡានអាដំរីទឹក ០១គ្រឿង (០២គ្រឿងទៀតគេចខ្លួនបាត់), រកឃើញនូវហ្គារាសឡានអាដំរីទឹក ឡានអាដំរីទឹកមួយគ្រឿងផ្សេងទៀតកំពុងតែដំឡើង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមិថុនានេះ ប្រតិបត្តិការបង្ក្រាប់បទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅស្រុកក្រគរដែលមានមេឈ្មួញចាស់វស្សាឈ្មោះ កោះ សុភី ហៅ តាមហយនេះ មិនទាន់ចប់នៅឡើយទេ សមត្ថកិច្ចចម្រុះកំពុងបន្តប្រមូលយកវត្ថុតាងមករក្សាទុក ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមនិតិវីធីច្បាប់ ខណៈមេឈ្មួញតាហយ កំពុងរត់គេចខ្លួន និងស្វែងរកការជួយអន្តរគមន៍ក្នុងរឿងនេះផងដែរ៕