2024-06-04 08:06
161

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិអាមេរិក បានប្រកាសរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយគ្នាឡើងវិញ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ប្រតិបត្តិការរក្សាសន្តិភាព និងតាមរយៈការបញ្ជូនសិក្ខាកាមកម្ពុជា ឲ្យទៅសិក្សាជំនាញជើងគោក ជើងទឹក និងជើងអាកាសនៅអាមេរិកជាដើម បន្ទាប់ពីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរមានការថមថយនោះ។
   យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាការងាររវាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោក ឡយ អូស្ទីនរដ្ឋមន្រ្តី ការពារជាតិអាមេរិក នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានលើកឡើងថា «នៅក្នុងកិច្ចជំនួបទ្វេភាគីនោះ ប្រមុខការពារជាតិនៃប្រទេសទាំងពីរ គឺជាឱកាសមួយសម្រាប់ពង្រឹងឡើងវិញ នូវកិច្ចសហប្រតិបត្តិការទ្វេ ភាគីកងទ័ពទាំងពីរ (កម្ពុជា-អាមេរិក) ឲ្យកាន់តែប្រសើរឡើង ដែលនាំមកនូវឧត្តមប្រយោជន៍ជូនកងទ័ព និងប្រជាជនសម្រាប់អនាគត»។
បើតាមរយៈសេចក្តីប្រកាសព័ត៌មាននេះ លោក ឡយ អូស្ទីន បានបង្ហាញពីជំហរបន្តគាំទ្រកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិក ដែលបានថមថយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយឈរលើស្មារតីបង្កើនជំនឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក រួមចំណែកលើកកម្ពស់សន្តិភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍជាដើម។
ក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ប្រមុខការពារជាតិកម្ពុជា បានប្រាប់ទៅកាន់លោករដ្ឋមន្រ្តីការពារជាតិអាមេរិកថា «រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការធ្វើទំនើបកម្មវិស័យការពារជាតិ ជាការងារអាទិភាព ដោយក្នុងន័យនេះ នាយឧត្តមសេនីយ៍ បានសំណូមពរដល់ភាគីអាមេរិក បន្តពង្រឹងលើកកម្ពស់ក្រុមកិច្ចសន្ទនាគោល នយោបាយការពារជាតិ, ក្រុមពិភាក្សាទ្វេភាគីការពារជាតិ និងក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធាកម្ពុជា និងអាមេរិក ដោយផ្តោតលើកិច្ចសន្ទនាគោលនយោបាយ និងពិគ្រោះយោបល់ការកសាងសមត្ថ ភាពយោធិន, ប្រតិបត្តិការរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការជំនាញកងទ័ពជើងគោក ទឹក និងអាកាសប្រទេសទាំងពីរ (កម្ពុជា-អាមេរិក)។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិខាងលើនេះ ក៏បានបញ្ជាក់ផងដែរថា «ប្រមុខកងទ័ពទាំងពីរ (កម្ពុជា និងអាមេរិក) បានបង្ហាញជំហររួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហ ប្រតិបត្តិការទ្វេភាគីឡើងវិញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ប្រតិបត្តិការរក្សាសន្តិភាព លើកកម្ពស់ការ ចូលរួមកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ជួយហ្វឹកហ្វឺនកងរក្សាសន្តិភាព,    ការបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការបញ្ជូនសិក្ខាកាមទៅសិក្សាជំនាញកងទ័ពជើងគោក ទឹក និងអាកាសនៅសាលា West Point សហរដ្ឋអាមេរិក និងការបណ្តុះបណ្តាលវគ្គជំនាញបច្ចេកទេសជាដើម៕