2024-08-31 11:08
106

កំពង់ស្ពឺ៖ នៅក្នុងអំឡុងពេលថ្នាលបណ្ដុះកូនឈើខ្នាតតំបន់ទី១ ដែលមានសមត្ថភាពផលិតកូនឈើបានជាង ១លានដើមក្នុង១ឆ្នាំ នឹងដាក់សម្ពោធបើកការដ្ឋានសាងសង់ និងលេចចេញជារូបរាងនាពេលឆាប់ៗ នៅក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូ បានអញ្ជើញចុះសិក្សាការបង្កើតថ្នាលបណ្តុះកូនឈើខ្នាតធំនេះ ជាបន្តទៀត នៅក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ នេះ។ 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា៖ «ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា បន្ថែមលើថ្នាលដែលមន្ទីរបរិស្ថានរាជធានី និងខេត្តនានាទូទាំងប្រទេស តាមរយៈការជំរុញការចូលរួមចំណែកដាំដើមឈើឱ្យបានច្រើន ពីប្រជាពលរដ្ឋកម្ពុជា ដើម្បីកម្ពុជាឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងពង្រីកវិសាលភាពព្រៃឈើឱ្យបាន៦០ភាគរយនៅឆ្នាំ២០៥០»។

ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផ្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ថា៖ «ថ្នាលបណ្តុះកូនឈើខ្នាតតំបន់ទាំងអស់ នឹងត្រូវសាងសង់ ចំនួន ០៥ កន្លែង ក្នុងខេត្ត ចំនួន ៥ រួមមានៈ ខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ កោះកុង និងមណ្ឌលគីរី។ ថ្នាលបណ្តុះកូនឈើខ្នាតតំបន់ដំបូងបំផុតនៅកម្ពុជា នឹងសម្ពោធបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ នៅក្នុងខេត្តត្បូងឃ្មុំ ដោយមានសមត្ថភាពផលិតកូនឈើបានជាង ១លាន ២សែនក្នុង១ឆ្នាំ និងជាថ្នាលដែលបានបំពាក់ប្រព័ន្ធស្រោចស្រព ស្វ័យប្រវត្តដើរដោយថាមពលព្រះអាទិត្យ។ ដោយឡែក នៅក្នុងខេត្តកំពង់ស្ពឺ ក្រសួងបរិស្ថាន បានពិនិត្យ និងគ្រោងរៀបចំសាងសង់ថ្នាលបណ្តុះកូនឈើខ្នាតតំបន់បន្ថែម ចំនួន ០១ កន្លែងទៀត ដែលអាចមានទំហំលើផ្ទៃដី ចំនួន ១០ ហិចតា នៅក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ»។

សូមជម្រាបថា តាមរយៈយុទ្ធនាការ «ពន្លកបៃតង» របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» បានប្រារព្ធធ្វើ ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ ដោយបានធ្វើការផ្សព្វផ្សាយ និងចែកកូនឈើ សរុបចំនួន ១លាន៣សែនដើម ក្នុងនោះមាន កូនត្នោត ចំនួនជាង ៣សែនដើម ដែលជាអំណោយរបស់ ឯកឧត្តមរដ្ឋមន្រ្តី ជូនសាធារណជនយកទៅដាំនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។ 

ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផផ្លែត ក្រសួងបរិស្ថាន បានផុសគំនិត ឱ្យដាំត្នោតជាជួរ ឱ្យបានច្រើន ជាពិសេសនៅតាមតំបន់ខ្សែក្រេវ៉ាត់ព្រំដែន ដើម្បីបង្កើនគម្របបៃតង និងរបងដ៏រឹងមាំសម្រាប់ការពារមាតុភូមិកម្ពុជា៕