2024-09-15 12:09
27

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលដំណើរទស្សនកិច្ចរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។

ក្រសួងការពារជាតិ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់ ឯកឧត្តមនាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសអញ្ជើញចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ក្រោមមូលបទ ការលើកកម្ពស់សន្តិភាពសម្រា​ប់ អនាគតរួមគ្នា (Promoting Peace for a Shared Future) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គទី២ ស្តីពី ពហុប៉ូល និងការវិវត្តសណ្តាប់ធ្នាប់អន្តរជាតិ ដោយគូសបញ្ជាក់អំពីតម្រូវឱ្យមានការគិតគូរឡើងវិញ នូវអភិក្រមក្នុងវិស័យសន្តិសុខ និងការអភិវឌ្ឍន៍ នៅក្នុងសណ្តាប់ធ្នាប់ពិភពលោកថ្មី។ ការប្រកាន់ខ្ជាប់នូវគោល ការណ៍នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសមភាពនៅតែជាមូលដ្ឋាន គ្រឹះក្នុងការស្វែងរកការអភិវឌ្ឍន៍រួម វិបុលភាព និងសន្តិភាពយូរអង្វែង។ អាស៊ាននៅតែជាប៉ូលមួយដ៏សំខាន់ក្នុងការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អាស៊ានមិនមែនជាសម្ព័ន្ធយោធា ឬជាមហាអំណាចសេដ្ឋកិច្ចនោះទេ ប៉ុន្តែជាតួអង្គមួយដែលមាន អំណាចកោះប្រជុំ ពោលគឺអាស៊ានអាចប្រមូលផ្តុំប្រទេសមហាអំណាចធំៗ ឱ្យចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ខ្លួនបាន។ 

ឯកឧត្តម ទៀ សីហា ក៏បានសង្កត់ធ្ងន់ថា៖ «ទោះបីជាកម្ពុជាមិនមែនជាប្រទេសធំក៏យើងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរកសន្តិភាព។ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នយោបាយការបរទេសរបស់កម្ពុជា ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ពហុភាគីនិ​យម និងការគោរពសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ កម្ពុជាប្តេជ្ញាជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមកនិង​ការយោគយល់គ្នា ក៏ដូចជាជំរុញការដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈការពិភាក្សា និងការពិគ្រោះយោ​បល់ដោយសន្តិភាព»

ក្នុងពេលបំពេញទស្សនកិច្ចនេះ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួការពារជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ ចាង យូសៀ អនុប្រធានទី១ គណកម្មការយោធាមជ្ឈឹមចិន ដែលក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះជំនួយ និងការឧបត្ថមគាំទ្រដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ដល់ការអភិវឌ្ឍន៍សមត្ថភាពកងទ័ព និងទំនើបកម្មយោធាកម្ពុជា ព្រមទាំងការផ្តល់ជាអាហារូបករណ៍ដល់កងយោពលខេមរភូមិន្ទ ដើម្បីសិក្សា និងបណ្តុះបណ្តាលនៅក្នុងប្រទេសចិន។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងនាយឧត្តមសេនីយ៍ ចាង យូសៀ បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់ប្រទេសទាំងពី នាពេលកន្លងមក ក្នុងនាមមិត្តភាពដែកថែប។ ក្នុងចំណុចនេះ នាយឧត្តមសេនីយ៍ ចាង យូសៀ បានបង្ហាញពីឆន្ទៈក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីបន្តពង្រឹងចំណងមិត្តភាព បង្កើនទំនាក់ទំនងជាយុទ្ធសាស្ត្រ និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីលើក កម្ពស់ទំនាក់ទំនងយោធាឱ្យកាន់តែប្រសើរឡើងថែមទៀត។ 

ជាកាឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលជាការបន្តនូវស្នាដៃ និងសមិទ្ធិផលនានា ដែលបានពូនជ្រុំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកន្លងមក។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាថ្មីៗនៅក្នុងតំបន់ និងសកលលោក ព្រមទាំងបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗ ដូចជា ជំរុញនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ បង្កើនការផ្លាស់ប្តូរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ លើកកម្ពស់ប្រសិទ្ធិភាព ជំនួយយោធា និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងតាមយៈសប្រតិបត្តិការជាក់ស្តែងតាមយៈសមយុទ្ធយោធារួមគ្នា។

ដោយឡែក នៅក្នុងឱកាសជួបពិភាក្សាការងារកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីការគាំទ្រ និងកោតសរសើរចំពោះសមភាគីឡាវក្នុងការដឹកនាំធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក នៅឆ្នាំ២០២៤ ព្រមទាំងបានបញ្ជាក់អំពី ការត្រៀមខ្លួនចូលរួមក្នុងកិច្ចប្រជុំខាងលើ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ក្នុងចំណុចនេះ នាយឧត្តមសេនីយ៍ ចាន់សាម៉ ន ចាន់យ៉ាឡាត ក៏បានធ្វើការអញ្ជើញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា ធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសឡាវ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំខាងលើនេះ ផងដែរ។ ទន្ទឹមនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ និងឯកភាពគ្នាលើការបង្កើនការផ្លាស់ប្តូរទស្សនកិច្ចមន្ត្រីយោធាទៅវិញទៅមកឱ្យបានកាន់តែច្រើន និងបង្កើនកម្រិតនិងចំនួនសិក្ខាកាមទៅវិញទៅមក ឱ្យបានច្រើនជាងមុន ក៏ដូចជាបង្កើនការផ្លាស់ប្តូរទំនាក់ទំនងរវាងអង្គភាពនៅតាមបណ្តាព្រំដែន ដើម្បីបង្កើនការកសាងទំនុកចិត្ត និងទំនាក់ទំនងឱ្យកាន់តែជិតស្និទ។ 

នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ក៏បានបញ្ជាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អំពីការត្រៀមចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម នៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

ស្របជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Văn Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណ រដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធាកម្ពុជា និងវៀតណាម ដូចមានក្នុងពិធីសារនៃកិច្ចសហប្រតិបត្តិការត្រូវបានអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ហើយកិច្ចសហប្រតិបត្តិការនេះក៏កំពុងមានការកើនឡើងជាលំដាប់។ 

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្វាង បានសម្តែងនូវអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានផ្ញើសាររំលែកទុក្ខដល់ប្រទេសវៀតណាមចំពោះការបាត់បង់អាយុជីវិត និងផលប៉ះពាល់ដែលបង្កឡើងដោយព្យុះសង្ឃរានាពេលថ្មីនេះ ដែលនេះសរបញ្ជាក់ពីកាយវិការដ៏ប្រពៃក្នុងនាមជាប្រទេសជិតខាង ដែលបានយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។

នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង ក៏បានស្នើកម្ពុជាបន្តកិច្ចសហប្រតិបត្តិការស្វែងរកអដ្ឋិធាតុយុទ្ធមិត្តដែលបាត់ខ្លួននៅសម័យសង្គ្រាម ព្រមទាំងបានអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមពិធីអបអរសាទខួបអនុស្សាវរីយ៍លើកទី៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងពិព័រណ៍ការពារជាតិលើកទី២ នៅខែធ្នូ ឆ្នាំ២០២៤។ នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង បានបញ្ជាក់អំពីការត្រៀមខ្លួនចូលរួមកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពបី ប្រទេស កម្ពុជា ឡាវ វៀតណាម នៅប្រទេសកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្រៅពីចូលរួមវេទិកាសៀនសាន និងជំនួបទ្វេភាគី ឯកឧត្តម ទៀ​ សីហា ឧបនាយករដ្ឋមន្ត្រី បានជួបធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍ CCTV ដើម្បីបង្ហាញអំពីទស្សនៈលើបរិយាកាសសន្តិសុខតំបន់ និងសកលលោកបច្ចុប្បន្ន ក៏ដូចជាបង្ហាញពីគោលនយោបាយការពារជាតិកម្ពុជា នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសចូលរួមវេទិការប៉េកាំងសៀនសាន លើកទី១១ នេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុន ហ៊ូវៃ ដែលមានកា​រិយាល័យធំនៅទីក្រុងប៉េកាំង ព្រមទាំងបានធ្វើទស្សនកិច្ចទៅកាន់ទីតាំងប្រវត្តិសាស្ត្រធំៗមួយចំនួន នៅក្នុងរដ្ឋធានីប៉េកាំង ផងដែរ៕